នៅពេលដ៏ខ្លីខាងមុនកោះតៃវ៉ាន់មិនចាំបាច់ពិបាកក្នុងការទិញអាវុធពីបរទេសទៀត ឡើយ ដោយតំបន់នេះអាចផលិតអាវុធបាន ដោយខ្លួនឯង គឺជាក្តីប្រាថ្នាធំបំផុត របស់កោះតៃវ៉ាន់ដែលចង់ផ្តាច់ខ្លួនចេញពីចិនដីគោក។
កន្លងមកនិងនៅពេលនេះ តៃវ៉ាន់ពិបាក ក្នុងការទិញអាវុធពីបរទេស ដោយសារតែការហាមប្រាមពីសំណាក់រដ្ឋាភិបាលចិន មិនឲ្យលក់អាវុធទៅឲ្យតៃវ៉ាន់ ហើយត្រូវតែគោរពគោលនយោបាយចិនតែមួយ។ ទាំងនោះហើយដែលធ្វើឲ្យតៃវ៉ាន់មិនមានអាវុធទំនើបៗច្រើននឹងគេ។
អ្វីដែលតៃវ៉ាន់ពេញចិត្តជាងគេបំផុតនាពេលនេះ គឺការផលិតនាវាមុជទឹកបានដោយ ខ្លួនឯង។ ទាំងនោះជាការបំពេញទៅនឹងការខកចិត្តពីការចំណាយពេលជាច្រើន ទសវត្ស ដើម្បីស្វែងរកអ្នកដែលយល់ព្រមផលិតលក់នាវាមុជទឹកចម្បាំងសម្រាប់ការពារជាតិខ្លួនមិនបាន ព្រោះក្រុមហ៊ុនបរទេស ខ្លាចប៉ះពាល់ដល់ចិន។ នេះបើតាមសេចក្តី រាយការណ៍ ប្រធានាធិបតីតៃវ៉ាន់បានប្រកាស ចាប់ផ្ដើមកម្មវិធីផលិតនាវាមុជទឹកដោយ ខ្លួនកាលពីម្សិលមិញ។
ដោយស្ថិតនៅចម្ងាយត្រឹមតែ១២០ ម៉ាយពីចិនតៃវ៉ាន់បានទទួលរងការគំរាម កំហែងលុកលុយពីប៉េកាំងចាប់តាំងពីវា បានបំបែកខ្លួនពីចិនដីគោកក្នុងឆ្នាំ១៩៤៥ ហើយស្របពេលដែលកម្លាំងយោធាចិនកើនឡើងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការគំរាមកំហែងក៏កើនឡើងកាន់តែខ្លាំងដែរ ដូច្នេះតៃវ៉ាន់ចាំបាច់ត្រូវតែបង្កើតកងនាវាមុជទឹកផ្ទាល់ខ្លួនដែលវាគឺជាអាវុធការពារដ៏ពិសិដ្ឋសម្រាប់តៃវ៉ាន់ ដោយអាច ជួយពន្លិចកងនាវាឈ្លានពានបាន។
គួរបញ្ជាក់ផងដែរថា យោងតាមគេហ ទំព័រ Popular Mechanics ក្នុងពេលបច្ចុប្បន្ន នេះ ទ័ពជើងទឹកតៃវ៉ាន់មាននាវាមុជទឹក ត្រឹមតែ៤គ្រឿងប៉ុណ្ណោះ គឺនាវាដ៏ថ្មីបំផុត២ គ្រឿង Hai Lung (“Sea Dragon”) និង Hai Hu (“Sea Tiger”) បញ្ជាទិញពីហុល្លង់ ក្នុងឆ្នាំ១៩៨០ និងទទួលបានក្នុងឆ្នាំ១៩៨៨ ចំណែកនាវាដែលចាស់ជាងគេ២គ្រឿង ទៀត គឺជានាវាមុជទឹកដែលសាងសង់ឡើង សម្រាប់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាម លោកលើកទី២ និងត្រូវបានបញ្ជូនមកឲ្យតៃវ៉ាន់ក្នុងទសវត្សឆ្នាំ១៩៧០៕
ប្រែសម្រួល៖ ម៉ែវ សាធី