វាយប្រហារភេរវកម្មនៅអង់គ្លេសស្លាប់ និងរងរបួសជិត៣០នាក់

ចែករំលែក៖

ទីក្រុងឡុង ប្រទេសអង់គ្លេស នៅពេលនេះបានទទួលរងការវាយប្រហារភេរវកម្មយ៉ាងកក្រើកតែម្តង បណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់បាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។ នេះបើតាមប្រភពព័ត៌មានប៊ីប៊ីស៊ីផ្សព្វផ្សាយកាលពីវេលាម៉ោង២រំលងអធ្រាត្រ ម៉ោងនៅប្រទេសកម្ពុជា ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។

ប្រភពបានរាយការណ៍ថា ជនរងគ្រោះបាត់បង់ជីវិតម្នាក់ស្ថិតក្នុងចំណោមអ្នកថ្មើរជើងច្រើននាក់ដែលត្រូវរថយន្តបើកបំបុកនៅលើស្ពាន Westminster Bride មុនពេលរថយន្តនោះទៅមុខលែងរួច ។ រីឯមន្ត្រីប៉ូលិសម្នាក់ដែលយាមការពារសន្តិសុខនៅខាងក្រៅរដ្ឋសភាអង់គ្លេសនោះ ក៏រងការចាក់សម្លាប់ពីជនវាយប្រហារភេរវកម្មផងដែរ មុនពេលជននេះត្រូវប៉ូលិសបាញ់សម្លាប់ ។ ជាមួយគ្នានេះ នៅមានមនុស្សយ៉ាងតិច២០នាក់ផ្សេងទៀតរងរបួស ។

លោក Mark Rowley មេប៉ូលិសប្រឆាំងភេរវកម្មបានថ្លែងថា ការស៊ើបអង្កេតទ្រង់ទ្រាយធំពាក់ព័ន្ធទង្វើភេរវកម្ម កំពុងដំណើរការ ។ លោកបញ្ជាក់ថា ករណីនេះបានកើតឡើងភ្លាមៗនៅវេលាម៉ោង១៥ ម៉ោងនៅក្នុងតំបន់ ពេលដែលរថយន្តបើកបរនៅលើស្ពាន Westminster Bride បំបុកមនុស្សជាច្រើននាក់តាមទីសាធារណៈ និងមន្ត្រីសន្តិសុខ៣នាក់ ខណៈកំពុងធ្វើដំណើរពីបំពេញការងារ ។

លោក Rowley បញ្ជាក់ថា បន្ទាប់ពីរថយន្តជាប់គាំងទៅមុខលែងរួចហើយនោះ ជនវាយប្រហារប្រដាប់ដោយកាំបិត ក៏បានបន្តការវាយប្រហារ និងព្យាយាមចូលទៅខាងក្នុងរដ្ឋសភា ។ ជនវាយប្រហារនៅពេលនោះត្រូវប៉ូលិសបាញ់សម្លាប់តែម្តង ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានកោះប្រជុំបន្ទាន់ បន្ទាប់ពីករណីខាងលើនេះបានកើតឡើង ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានថ្លែងថា សមាជិករដ្ឋសភា និងរដ្ឋាភិបាលចូលរួមរំលែកការឈឺចាប់ជាមួយក្រុមគ្រួសាររងគ្រោះដោយអំពើខាងលើនេះ ។

នាយករដ្ឋមន្ត្រីបារាំងលោក  Bernard Cazeneuve បានថ្លែងថា និស្សិតបារាំង៣នាក់ស្ថិតក្នុងចំណោមអ្នកដែលរងរបួសដោយទង្វើខាងលើនេះ ។ ស្ត្រីរងគ្រោះម្នាក់បានធ្លាក់ពីលើស្ពានចុះទឹក ហើយត្រូវសង្គ្រោះទាន់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសធ្ងន់ ។

ស្នងការប៉ូលិសអង់គ្លេសបញ្ជាក់ថា ករណីខាងលើនេះ ហាក់ជាទង្វើភេរវកម្មរបស់ក្រុមជីហាដនិយម ដែលមានបំណងវាយប្រហារនៅក្នុងទឹកដីអង់គ្លេស ដោយប្រើមធ្យោបាយបើករថយន្តបំផុតមនុស្សជាសាធារណៈ និងយកកាំបិតកាប់ប្រហារលើកងកម្លាំងសន្តិសុខ ៕

...

IMG-20170323-WA0011IMG-20170323-WA0010

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print