ក្លិប Manchester United បានយល់ ព្រមឲ្យកីឡាករជើងចាស់សញ្ជាតិអាល្លឺម៉ង់ Bastian Schweinsteigerទៅលេងឲ្យក្រុមChicago Fireនៅក្នុងក្របខ័ណ្ឌកំពូលរបស់ សហរដ្ឋអាមេរិក។
អតីតកីឡាករប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Schweinsteiger បានចុះកុងត្រា លេងឲ្យChicago Fireរយៈពេលមួយឆ្នាំហើយមានជម្រើសបន្តកុងត្រាថែមទៀត។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានថ្លែងថា “ខ្ញុំមិនសប្បាយចិត្តនឹងចាកចេញពីក្លិប Manchester United នោះទេដោយសារតែខ្ញុំមាន មិត្តភក្តិជាច្រើននៅទីនេះ។ ប៉ុន្តែខ្ញុំក៏សូម អរគុណក្លិបផងដែរដែលផ្តល់ឱកាសដល់ខ្ញុំដើម្បីទទួលបានការប្រកួតប្រជែងថ្មី” ។
គួរបញ្ជាក់ថា Schweinsteiger ដែលបាន ជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើង ឯក World Cup ឆ្នាំ២០១៤ ត្រូវបានលោក Louis van Gaalទិញមកកាន់ក្រុមបិសាចក្រហមនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែគាត់ហ្វឹក ហាត់តែម្នាក់ឯងឬជាមួយនឹងក្រុមអាយុក្រោម២៣ឆ្នាំក្រោយពេលលោក Jose Mourinho មកដល់កាលពីឆ្នាំមុន ៕