ភ្នំពេញ៖ យុវជនឈាមរាវ៥នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការឃាត់ខ្លួនយកមកសាកសួរក្រោយពីពួកគេអង្គុយផឹកសុីក្លែមសាច់ឆ្កែកើតហិង្សាដោយគ្រាន់តែរឿងជល់កែវស្រាកាប់គ្នាប្រាវបណ្តាលឲ្យរបួសទាំងសងខាង។
ករណីកាប់គ្នាដោយសារជល់កែវស្រានេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់សាច់ឆ្កែ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
យុវជនទាំង៥នាក់ដែលឃាត់ខ្លួននោះទី១មានឈ្មោះ វង់ សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាភាគីទី១រងរបួសត្រូវក្បាល ទី២ឈ្មោះ អៀម ចាន់ ថេត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ទី៣ឈ្មោះ ឈឿន ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ទី៣ឈ្មោះ អ៊ុត ឌឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជវិស្វករ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤ឈ្មោះ ព្រំ សីហា ភេទប្រុស អាយុ២៤ឆ្មាំ មុខរបរជាងដែក ទាំង៤នាក់នេះជាភាគីទី២។
លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឲ្យដឹងថា មុននិងឃាត់ខ្លួនយុវជនទាំង៥នាក់ខាងលើនេះគឺបន្ទប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីក្មេងស្ទាវវាយកាប់ចាក់គ្នានៅចំណុចលក់សាច់ឆ្កែភ្លាមលោកបានបញ្ជាឲ្យកម្លាំងរបស់លោកចុះទៅពិនិត្យកន្លែងកើតហេតុហើយក៏ឃាត់ខ្លួនបានពួកគេចំនួន៥នាក់តែម្តង ចំណែកបក្ខពួកខាងភាគីទី១ចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចយុវជនម្នាក់ក្នុងចំណោម៥នាក់បានឆ្លើយប្រាប់មុនពេលកើតហេតុពួកគេមានគ្នា៤នាក់បាននាំគ្នាមកអង្គុយផឹកសុីនៅចំណុចខាងលើដោយអង្គុយតុជិតគ្នានិងភាគីម្ខាងទៀតក្រោយពីផឹកសុីមានសភាពស្រវឹងក្រុមម្ខាងទៀតបានយកកែវស្រាមកជល់តែបងរបស់គេមិនព្រមជល់ទើបកើតជាទំនាស់ពក្រសម្ដីកាប់គ្នាតែម្តង។
បច្ចុប្បន្នយុវជនទាំង៥នាក់នោះកំពុងតែឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ តុង សីហា