កាលពីថ្ងៃទី២៦ ខែមីនា មេបញ្ជាការរង កងរក្សាសន្តិសុខនៅបណ្តាខេត្តភាគខាងកើត ប្រទេសថៃ លោកឧត្តមសេនីយ៍ Tonangsak Wangsupha បានទទួល ស្គាល់ថាអំពើហិង្សា នៅភាគខាងត្បូង ប្រទេសថៃកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺ នៅពីរសប្តាហ៍ចុង ក្រោយនេះ។
មានប្រសាសន៍ពេលទៅត្រួតពិនិត្យស្ថានភាពសន្តិសុខនៅខេត្ត Pattani លោក Tonangsak Wangsupha បញ្ជាក់ថា «យើងព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូង ពិសេសគឺខេត្ត ប៉ាតានី យ៉ាឡា ណារ៉ាធឺវ៉ាត។
លោក Tonangsak Wangsupha បញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងក្រុម PKK ដែលជាក្រុមប្រដាប់អាវុធបះបោរនៅក្នុង តំបន់នេះបានខិតខំបំផុសបំផុលស្វែងរកសមាជិក ថ្មីសម្រាប់បើកការវាយប្រហារនៅក្នុងតំបន់នេះ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃបានបង្កើនសកម្មភាពការពារសន្តិសុខនៅក្នុងតំបន់ ភាគខាងត្បូង ហើយក៏បានសម្រេច បន្តដាក់ខេត្តទាំង៣ខាងលើ ស្ថិតនៅក្នុង ភាពអាសន្នរយៈពេល៣ខែទៀត។
ក្រុមសន្តិសុខថៃក៏បានបង្កើតទីតាំងជាច្រើន ដើម្បីគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ហើយអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជួយ ផ្តល់ព័ត៌មានដើម្បីឈានដល់ ការចាប់ខ្លួនក្រុម បះបោរបង្កអសន្តិសុខ ។
កន្លងមក រដ្ឋាភិបាលថៃនិងមេដឹកនាំ ក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃ បានជួបពិភាក្សាគ្នាស្វែងរកសន្តិភាពនៅ តំបន់ភាគខាងត្បូង ប្រទេសថៃ ដោយកិច្ចប្រជុំនោះធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។
អំពើហិង្សានៅតំបន់ភាគខាងត្បូង ប្រទេសថៃ គឺជាក្តីបារម្ភធំបំផុតនៅក្នុង ប្រទេស ដែលអាចបង្កអសន្តិសុខ នៅ ទូទាំងប្រទេស។ ក្រុមអ្នកឯកទេសវិភាគបាន លើកឡើងថា កត្តាដែលបណ្តាលឲ្យមាន អំពើហិង្សាកើតឡើង នៅខេត្តដែលមានជន ជាតិអ៊ិស្លាមរស់នៅច្រើនបំផុតក្នុងប្រទេសថៃ ដោយសារតែ ពលរដ្ឋអ៊ិស្លាមទាំងនោះមានការខកចិត្តដែលរដ្ឋាភិបាលមិនបានផ្តល់ តំណែងស្មើភាពគ្នា សម្រាប់មន្ត្រីក្នុងតំបន់។ ជនជាតិថៃដែលមានភាគតិចនៅក្នុងខេត្ត ទាំងនោះបែរជា កាន់តំណែងខ្ពស់ដឹកនាំ ពលរដ្ឋអ៊ិស្លាម ដោយមិនអនុញ្ញាតឲ្យជន ជាតិអ៊ិស្លាម កាន់តំណែងខ្ពស់នៅទីនោះ ឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី











