ភ្នំពេញ៖ ក្រុមហ៊ុនដែលទទួលម៉ៅការដេញថ្លៃស្ថាបនាផ្លូវបេតុងច្រកចូលពន្ធនាគារព្រៃស ខាងត្បូងវត្តអង្គមេត្រីដែលទទួលគម្រោងរបស់សាលារាជធានីភ្នំពេញ នោះមិនបានប៉ុន្មានឆ្នាំផងបានរងនូវការខូចចេញសសៃរដែកហើយបានរងនូវការរិះគន់ពីសំណាក់ពលរដ្ឋក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនេះផងដែរ។ ផ្លូវបេតុងនេះមានប្រវែងជាង៤គីឡូម៉ែត្របណ្តោយ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
លោកឌិន គឹមស្រៀង អាយុ៥១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ។ លោកតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវជារឿយៗក្នុង១ថ្ងៃ២ទៅ៣ដង លោក ឌិន គឹមស្រៀង បានរិគន់យ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍សោកស្តាយទម្រាំបានផ្លូវប៉ុណ្ណេះគឺថារដ្ឋាភិបាលយើងបានចំណាយថវិកាអស់ច្រើនណាស់សម្រាប់ស្ថាបនាផ្លូវបេតុងនេះ។ ហេតុដូចនេះ សុំខាងក្រុមហ៊ុនឬអាជ្ញាធរពាក់ព័ន្ធមន្ត្រីជំនាញមេត្តាជួយពិនិត្យមើលផ្លូវនេះផងព្រោះថាផ្លូវបេតុង១ខ្សែទើបតែស្ថាបនា ហើយមិនបានប៉ុន្មានផងឥឡូវ នេះវាខូចវិញហើយ។ សុំជួយជួសជុលឡើងវិញដើម្បីលកិ្ខណៈងាយស្រួលដល់ពលរដ្ឋធ្វើដំណើរបានស្រួល និងបានកាត់បន្ថយគ្រោះថ្នាក់ផងដែរ។
ដោយឡែកលោក ឯម ជ្រឿន អាយុ៦២ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែងក៏បាននិយាយថា ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវនេះធ្វើឲ្យរួចតែពីដៃ ហើយម្យ៉ាងផ្លូវនេះមិនទ្រនិងទម្ងន់រថយន្តធន់ធំបើកឆ្លងកាត់បាននោះទេ មានទាំងរថយន្តដឹកដី រថយន្តកុងតឺន័រ អាជ្ញាធរបានហាមប្រាមហើយគេនៅបើកឆ្លងកាត់ទៀត។ លោកឯម ជ្រឿន ក៏បានសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពិនិត្យមើលក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវធ្វើយ៉ាងណាឲ្យមានគុណភាពផង។
ពាក់ព័ន្ធនិងករណីនេះ លោកគង់ សំអុល ចៅសង្កាត់ព្រៃវែងបានបញ្ជាក់ បន្ថែមថា លោកបានចុះពិនិត្យឃើញហើយថាក្រុមហ៊ុនធ្វើរួចតែពីដៃមិនបានប៉ុន្មានឆ្នាំផងខូចចេញសសៃរដែក នេះមកពីចាក់បេតុងស្តើងពេក។ លោកថា លោកបានរាយការណ៍ទៅថ្នាក់ខណ្ឌរួចហើយដែរចំពោះបញ្ហាផ្លូវបេតុងនេះ ចំណាត់ការយ៉ាងណានោះ លោកមិនទាន់បានដឹងទេព្រោះថាផ្លូវបេតុងនេះជាគំ រោងរបស់សាលារាជធានី៕ តាឡឹម












