ខេត្តព្រះសីហនុ៖ រថយន្តធុនធំសណ្តោងរុឺម៉កដឹកខ្សាច់មួយគ្រឿងបានដាច់ហ្វ្រាំងជាន់មិនសុីបណ្តាលឲ្យជ្រុលទៅបុករះបង្កាន់ដៃស្ពានបេតុងបាក់អស់៤ផ្ទាំងស្មើនិង៦បង្គោលព្រមទាំងដែករនាំងសុវត្ថិភាពការពារក្បាលស្ពានចំនួន៤ចន្លោះ។
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតមានឡើងនៅវេលាម៉ោងប្រមាណជិត៨ព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីរ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៌នេះមិនមានមនុស្សណាម្នាក់ស្លាប់នោះទេ គ្រាន់តែរបួសស្រាលអ្នកបើកបរប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-3988 សណ្តោងរុឺម៉កដឹកខ្សាច់ បើកបរឈ្មោះសាត ម៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមសាក្សីបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់១គ្រឿងបើកក្នុងល្បឿនមធ្យមក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ-ព្រះសីហនុ) លុះមកដល់ចំណុចកើតហេតុខាងលើដោយសារស្ថានភាពផ្លូវកាច់កោងផងនោះគួបផ្សំនិងមានរថយន្តបើកមកពីមុខផងនោះតៃកុងរថយន្តទំនងជាជាន់ហ្វ្រាំងទាំងបង្ខំស្រាប់តែហ្វ្រាំងមិនសុីក៏បណ្តាលឲ្យក្បាលរថយន្តជ្រុលទៅបុករះបង្កាន់ដៃស្ពានបត់ក្បាលមកចំហៀងជាប់ទៅមុខលែងរួច។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបើទោះបីជាបង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋក៏ដូចជារថយន្តធ្ងន់នេះក៏ដោយចុះ តែអាចចាត់ទុកថានេះក៏សំណាងល្អដែរព្រោះក្នុងហេតុការណ៍នេះបើមានរថយន្តផ្សេងទៀតធ្វើចរាចរណ៌ឆ្លងកាត់មុខក្រោយនោះច្បាស់ជាទទួលរងគ្រោះហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនិងអាចមានមនុស្សស្លាប់ឬក៏របួសមិនតិចអ្នកនោះទេ។
បច្ចុប្បន្នរថយន្តខាងលើត្រូវបានបញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ
...