ប្ដីគម្រក់វាយធ្វើបាបប្រពន្ធជាបន្តបន្ទាប់រួចលួចទ្រព្យសម្បត្តិគេចខ្លួនបាត់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយចាត់ការប្ដីរបស់ខ្លួនទៅតាមច្បាប់ ដោយនាងបានចោទ ប្រកាន់បុរសជាប្ដីនោះថា បានប្រើអំពើហិង្សាវាយធ្វើបាបនាងជា ញឹកញាប់ ហើយកន្លង មកគ្រាន់តែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅរាប់ដងមិនអស់ទៅហើយ ប៉ុន្តែអ្វីដែលនាងទៅដាក់ពាក្យ បណ្ដឹងជាចុងក្រោយទៀតនេះ គឺនៅពេលដឹងថានាងប្ដឹង ពីការប្រើហិង្សាស្រាប់តែប្ដីគម្រក់ម្នាក់នោះ លួចយក ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការដែលនាងមានទាំងប៉ុន្មាន រួចគេចខ្លួនបាត់ស្រមោលតែម្ដង។

ស្រ្តីខាងលើបានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏ចាប់ខ្លួនប្ដីម្នាក់នោះចាត់ការតាមផ្លូវច្បាប់។ស្រ្តីខាងលើនោះ ឈ្មោះម៉េង សុខឃាង អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ ព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកប្ដីកំណាចឈ្មោះយឿន សំអឿន អាយុ៣៦ ឆ្នាំស្នាក់នៅជាមួយគ្នាក្នុងភូមិខាងលើ។

ស្រ្តីរូបនោះបានរៀបរាប់ប្រាប់នគរបាលថា សព្វថ្ងៃនេះប្ដីរបស់នាងបានរករឿងប្រើហិង្សា វាយធ្វើបាបនាងជាបន្តបន្ទាប់ គ្មានមូលហេតុ ហើយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ខណៈដែលនាងចេញទៅធ្វើការបាត់ លោក ប្ដីម្នាក់នោះបានរើកកាយ លួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ព្រមទាំងលុយចំនួន៧០០ដុល្លារ និងគ្រឿង អលង្ការមាសចំនួនជាង២តម្លឹង ទៅបាត់ស្រមោល។ ដោយសារតែបែបនេះហើយ ទើបនាងមិនអាចអត់ឱនឲ្យបាន ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបានប៉ុស្ដិ៍ចោមចៅជួយស្វែងរកចាប់ខ្លួនប្ដីនាងចាត់ការតាមច្បាប់។

នគរបាលបាននិយាយថា ប្ដីប្រពន្ធមួយគូខាងលើនោះ បានឈ្លោះប្រកែកគ្នានិងឈានដល់ប្ដីប្រើហិង្សាវាយ ធ្វើបាបប្រពន្ធជាបន្តបន្ទាប់ ហើយគ្រាន់តែទៅដាក់ពាក្យបណ្ដឹងដោះស្រាយគ្នា រឿងហិង្សានោះ៣ទៅ៤ដង មកហើយ គឺមានរឿងរកាំរកូសមិនឈប់ឈរឡើយ រហូតអ្នកភូមិលាន់មាត់គ្រប់គ្នាថា ចុះគ្រួសារមួយនឹង ហេតុម៉េចបានចេះតែឈ្លោះប្រកែកគ្នានិងវាយដំច្រំធាក់គ្នារហូតបែបនេះ? ចំណែកនគរបាលក៏ឈឺក្បាល ជាមួយនឹងពួកគាត់មិនតិចដែរ ព្រោះតែងាកប្ដឹងៗរហូតយ៉ាងនេះ ហើយពេលចុងក្រោយនេះ បន្ទាប់ពីដឹងថា ស្រ្តីជាប្រពន្ធប្ដឹង ហើយនគរបាលមិនទាន់បានហៅឲ្យចូលខ្លួនដោះស្រាយគ្នាផង ស្រាប់តែបុរសជាប្ដីនោះ បានរើកកាយលួចយកទ្រព្យសម្បត្តិខាងលើទៅបាត់ ខណៈដែលប្រពន្ធចេញទៅធ្វើការរៀងចក្របាត់។ លុះត្រឡប់មក ដល់ផ្ទះវិញស្រាប់តែបាត់ទាំងប្ដី និងទ្រព្យសម្បត្តិទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងជាថ្មីម្ដងទៀត សុំឲ្យសមត្ថកិច្ចជួយចាត់ការលើប្ដីនោះតាមច្បាប់៕ សុខាសែនជ័យ

...

sokha1 sokha

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print