ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកក្បែររទេះអេតចាយ នៅចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល ឆោឡោមកចោមរោមមើលទាំងកណ្តាលអធ្រាត្រ ដោយនឹកស្មានថា បុរសនោះបានស្លាប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៥ នៅចំណុចផ្លូវ២០០៤ កែវផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់កំពុងដេកលង់លក់ នៅចិញ្ចើមផ្លូវក្បែររទេះអេតចាយរបស់គេ ធ្វើឱ្យអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋក្បែរនោះភ័យព្រលឹងចុងសក់ស្រែកឆោឡោ ព្រោះស្មានថាមនុស្ស ដេកស្លាប់នៅលើផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ មីឆារ-បាយឆារ រត់មកមើលស្មានថាមានមនុស្សស្លាប់ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏មកដល់ ហើយបានដាសបុរសដែលដេកនោះ ប្រហែលជាកន្លះម៉ោង ទើបគេដឹងខ្លួនឡើងវិញ រួចក៏លើករទេះរបស់គេអូសចេញទៅបាត់តែម្តង ។
ចំពោះហេតុការណ៍នេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍ បានសន្និដ្ឋានថា ប្រហែលជាបុរសខាងលើ ស្រវឹងស្រាខ្លាំងហើយ បានជាមកដេកនៅតាមចិញ្ចើមថ្នល់ដូច្នេះ ៕
ដោយ៖ វិបុល