បើកលឿនជែងខ្វះការប្រុងប្រយ័ត្ន ស្លាប់ពីរនាក់របួសធ្ងន់ស្រាល៣នាក់ , តុលាការឃុំខ្លួនជនបង្ក

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ដើម្បីស៊ើបអង្កេតករណីបើកបរបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងរងរបួសធ្ងន់ស្រាល៣នាក់ ។

មន្ត្រីតុលាការខេត្តកណ្ដាល បញ្ជាក់ថា ជនបង្កត្រូវបានលោកងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ ” បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលឲ្យស្លាប់អ្នកដទៃ ” តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះ
គីឡូម៉ែត្រលេខ៣៨/៣៩ ចំណុចភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។

យុវជនបង្កឈ្មោះ ឈិន សុផា អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃក្រឡាញ់ ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះស្លាប់មានឈ្មោះ អិន សុខអៀង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និង ឈ្មោះ រ៉ាក ធារី ភេទស្រី អាយុ៤ឆ្នាំ។

របាយការណ៍សមត្ថកិច្ចបង្ហាញថា ជនបង្កបើករថយន្តម៉ាកហាយឡែនឌើរ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ2AK-0697រួមដំណើរដោយមនុស្ស៣នាក់ ក្នុងទិសដៅពីកើតទៅលិច ជ្រុលបុកម៉ូតូពីរគ្រឿង បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់និងរងរបួសធ្ងន់ស្រាល៣នាក់ ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីអ្នកបើកបរ ជិះលឿនជែងខ្វះការប្រុងប្រយ័ត្ន ៕

34fc3d44-08cf-4956-9f63-9ac356670db3 f1973eb8-38a1-4f5e-882c-476b8b181829

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print