ភ្នំពេញ៖ សិស្សានុសិស្សមកពីវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តកំពតប្រមាណ១៥០នាក់ ទទួលបានអាហារូបករណ៍ SCG ចែករំលែក្តីសុបិន្តឆ្នាំ២០១៥ ដែលជាគម្រោងមួយរបស់ក្រុមហ៊ុន SCGក្នុងការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់អាស៊ាន ។
កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅមជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងអប់រំ មន្ត្រីស្ថានទូត តំណាងក្រុមហ៊ុនលោកគ្រូអ្នកគ្រូសិស្សាសិស្សជាច្រើនរូប ។
គម្រោងអាហារូបករណ៍ SCG ចែករំលែក្តីសុបិន្តឆ្នាំ២០១៥ខាងលើនេះ បានផ្តល់ដល់សិស្សនៃកម្រិតវិទ្យាល័យដែលមាជីវភាពខ្វះខាត តែការសិក្សាបានពិន្ទុល្អ មានឆន្ទៈជួយសង្គម និងមានបំណងបន្តការសិក្សា ។ ក្រៅពីការផ្តល់ជាសម្ភារៈសិក្សា និងថវិកាជួយសម្រួលដល់ការសិក្សាប្រចាំថ្ងៃនោះ កម្មវិធីនេះ ក៏បានធ្វើកម្មវិធីបោះជំរុំដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ ហើយពួកគេមាន ឱកាសយល់ដឹងពីគ្នានិងរៀនសូត្រពីសកម្មភាពរួមគ្នាមួយចំនួនផងដែរ ។
ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យសាមគ្គី យុវតី ហ៊ួត សុភារី បញ្ជាក់ថា បច្ចុប្បន្ន នាងស្នាក់នៅជាមួយពូ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលឪពុកម្តាយនាងបានចេញទៅធ្វើពលករនៅប្រទេសជិតខាង ។ នាងប្រាប់ថា ជីវភាពរបស់នាងមានការលំបាកច្រើន ពិសេសគឺការចំណាយលើការសិក្សា ប៉ុន្តែនាងនៅតែមានបំណងបន្តការសិក្សាបន្តដើម្បីអនាគត ។
យុវតីវ័យ១៨ឆ្នាំរូបនេះបញ្ជាក់ដែរថា ដោយមានការផ្សព្វផ្សាយរបស់សាលាអំពីគម្រោងអាហារូបករណ៍ខាងលើ នាងបានទទួលយក ពាក្យពីលោកគ្រូប្រចាំថ្នាក់ និងបានបំពេញបែបបទប្រវត្តិរូប និងសរសេរសំណេរ មួយក្រោមប្រធានបទ មនុស្សល្អ ខ្ញុំល្អចំពោះមនុស្សគ្រប់គ្នា ដើម្បីចូលរួមប្រកួតប្រជែង ។
នាងបញ្ជាក់ថា ដោយយោងតាមការសិក្សាជំនាញសរសេរតែងសេចក្តីពីសាលា បូករួមចំណេះដឹងបទពិសោធពីជីវិតបានធ្វើឲ្យនាងរួមទាំងមិត្តភ័ក្កិមួយចំនួននៅក្នុងសាលាទទួលបានលទ្ធផលល្អ ។
នាងបញ្ជាក់ថា ការទទួលបានអាហារូបករណ៍នេះដែរក៏ឆ្លងកាត់ការចុះពិនិត្យដល់ផ្ទះផ្ទាល់ផងដែរ។ នាងលើកឡើងថា អាហារូបករណ៍នេះពិតជាសំខាន់សម្រាប់នាង និងក្រុមគ្រួសារព្រោះវាអាចរួមចំណែកក្នុងការបំពេញក្តីសុបិន្តរបស់នាងក្នុងការបន្តការសិក្សា។ នាងថាផ្លូវសម្រាប់ដើររបស់នាងនិងសិស្សដទៃទៀតពិតជានៅវែងឆ្ងាយហើយនាងជឿជាក់ថាសមត្ថភាពពិតប្រាកដរបស់សិស្សនិងអាចធ្វើឲ្យនាងនិងសិស្សដទៃទទួលបានជោគជ័យក្នុងការសិក្សារនិងស្វែងរកការងារល្អសម្រាប់លំនឹងជីវិតនៅថ្ងៃអនាគត ។
អគ្គនាយករងពាណិជ្ជកម្មប្រចាំតំបន់ក្រុមហ៊ុនSCGផ្នែកសម្ភារៈសំណង់ ស៊ីម៉ង់លោក អារី ចាវ៉ាលីតជីវង្គលបានបញ្ជាក់ក្នុងពិធីខាងលើដែរថាអាហារូបករណ៍SCGចែករំលែក្តីសុបិន្តធ្វើឡើងដើម្បីផ្តល់ការឧបត្ថម្ភដល់សិស្សានុសិស្សក្នុងតំបន់អាស៊ានរួមមានកម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ វៀតណាម និងថៃ។ លោកថាវាបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រទេសដែលខ្លួនធ្វើប្រតិបត្តិការក៏ដូចជាក្រុមហ៊ុនដែលគាំទ្រសិស្សានុសិស្សទទួលបានការអប់រំខ្ពស់។ លោកថាការគាំទ្រនេះនឹងជួយឲ្យពួកគេមានឱកាសកាន់តែច្រើនដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍និងប្រទេសជាតិ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន ខាងលើផ្តល់អាហារូបករណ៍ដស់សិស្សនៅកម្រិតវិទ្យាហើយឆ្នាំនេះមានរហូតដល់១៥០នាក់ច្រើនជាងឆ្នាំមុនដែលមានត្រឹម១០០នាក់ ។ លោករដ្ឋមន្ត្រីលើកឡើងដែរថា នេះគឺជាការបង្ហាញពីទំនួលខុសត្រូវរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកកសាងសង្គមសេដ្ឋកិច្ចអាស៊ាន។ លោកបណ្ឌិតបញ្ជាក់ថា អាហារូបករណ៍នេះនឹងធ្វើឲ្យ សិស្សសម្រេចបាននូវក្តីសុបិន្តរបស់ខ្លួនដើម្បីបន្តការសិក្សា និងការប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ៕
ដោយ៖ វឌ្ឍនា