ខេត្តកណ្តាល ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅលើដើមត្នោត កម្ពស់ប្រហែល៧ម៉ែត្រ បន្ទាប់ពីទៅឲ្យគ្រូ«ទស្សន៍ទាយ» មើល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែលជា៧និង៤០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ុត សៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ នៅភូមិឃុំកើតហេតុខាងលើ ។
តាមការឲ្យដឹងពីសាក្សីឈ្មោះ ម៉ុត ទូច ភេទស្រី អាយុ៦០ឆ្នាំ និងត្រូវជាម្តាយមីងបានបំភ្លឺថា នៅវេលាម៉ោង៦និង ៤០នាទីយប់ ជនរងគ្រោះបាននៅផ្ទះខ្លួនហើយបានសុំលុយចំនួន១៥០០រៀល ដើម្បីទៅរកគ្រូទាយមើល ។ បន្ទាប់ពីសុំលុយបានហើយ ក៏ស្រែកថាបងប្អូននៅភូមិត្រពាំងផ្លុង ខ្ញុំសុំលាហើយ ។ ពេលនោះគ្មាននរណាចាប់ អារម្មណ៌ទេ នឹកស្មានតែនិយាយលេង ។ លុះដល់ម៉ោងខាងលើស្រាប់តែឈ្មោះ មាស់ ចាន់ណាក់ ភេទស្រី មុខ របរកសិករ ជាប្រជាការពារភូមិ ដើរមកប្រទះឃើញជនរងគ្រោះចងករដោយខ្សែគោលើដើមត្នោត ក៏រត់ទៅរាយ ការប្រាប់ប្រធានភូមិ និងសាច់ញាតិតែម្តង ។
តាមការសន្និដ្ឋានផ្នែកជំនាញនិងលោកគ្រូពេទ្យឃើញថាជនរងគ្រោះស្លាប់ដោយសារចង.កពិតមែន ។ សព ប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ