អតីតអ្នកចាត់ការក្រុម Leicester City, ក្រុមជម្រើសជាតិក្រិក និងធ្លាប់ដឹកនាំក្រុម តោខៀវ Chelsea លោក Claudio Ranieri បានក្លាយជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពច្រើនរូបទៀតដែលអាចនឹងមក ដឹកនាំក្រុមជម្រើសជាតិថៃជំនួសតំណែងលោក Kiatisuk Senamuang ដែលបាន លាលែងពីតំណែង ។
អតីតកីឡាករជម្រើសជាតិថៃលោក Senamuang បានលាលែងពីតំណែងគ្រូ បង្វឹកក្រុមជម្រើសជាតិកាលពីថ្ងៃសុក្រសប្ដាហ៍ មុនបន្ទាប់ពីក្រុមជម្រើសជាតិថៃ៧ប្រកួតនៅវគ្គជម្រុះជុំទី៣ World Cup 2018 ចាញ់៦ប្រកួត និងចុងក្រោយចាញ់ជប៉ុន ៤-០ ទៀត ។
លោក Claudio Ranieri បានដឹកនាំ Leicester ឈ្នះពានអង់គ្លេស Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាល ពីរដូវកាលមុនស្ទើរមិនគួរឲ្យជឿ។ បុរស វ័យ៦៥ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំក្រុមLeicester មកលេងមិត្តភាពទល់នឹងជម្រើសជាតិថៃ កាលពីឆ្នាំមុនផងដែរមុនពេលត្រូវក្លិប បណ្តេញចេញពីតំណែងកាលពីខែកុម្ភៈ ដោយសារដឹកនាំក្រុមពុំបានល្អនៅរដូវ កាលនេះ ។
គួរបញ្ជាក់ថា ក្រៅពីលោក Ranieri សហព័ន្ធបាល់ទាត់ថៃកំពុងពិចារណាចង់បានអ្នកចាត់ការមួយចំនួនទៀតដូចជាលោក Alejandro Sabella អតីតគ្រូបង្វឹក ក្រុមជម្រើសជាតិអាហ្សង់ទីនដែលជួយឲ្យ អាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2014, អតីតគ្រូបង្វឹកជប៉ុន Takeshi Okada, អតីតគ្រូបង្វឹក U-23 ជប៉ុន Makoto Teguramori, អតីតគ្រូបង្វឹកចាម៉ៃកា Winfried Schäfer (ធ្លាប់ដឹកនាំថៃពីមុនដែរ), លោក Totchtawan Sripan អ្នកចាត់ការ ក្រុម Muangthong United និងលោក Dragan Talajić អតីតអ្នកចាត់ការក្រុម Muangthong ៕ ដេវីត