ខេត្តបាត់ដំបង ៖ ពលករខ្មែរដែលបានធ្វើការងារនៅក្នុងប្រទេសថៃចាប់តាំងពីថ្ងៃទី១មេសា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ បាននាំគ្នាសម្រុកធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ស្រុក កំរៀង ខេត្តបាត់ដំបង ក្នុងមួយថ្ងៃយ៉ាងហោចណាស់ចាប់ពី ៥០០នាក់ទៅ៧០០ នាក់ ដើម្បីមកស្រុកកំណើតចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅសល់តែមិន ដល់ថ្ងៃ១០ទៀតប៉ុណ្ណោះ ។
ការសម្រុកចូលយ៉ាងគំហុកពីសំណាក់ ពលករខ្មែរមកស្រុកកំណើតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែរបាននាំឱ្យនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុក កំរៀងរងការកកស្ទះចរាចរណ៍ជាបន្ត បន្ទាប់ ។ មិនតែប៉ុណ្ណោះក៏មានការលេចឮព័ត៌មានមួយចំនួនពីពលករឱ្យដឹងថា ពួកគាត់ចូលមកនេះត្រូវបង់ប្រាក់ឱ្យ សមត្ថកិច្ចមួយចំនួននៅមាត់ច្រកទ្វារព្រំដែនពីចន្លោះ៣០០បាតទៅ៥០០បាតផងដែរស្របពេលដែលអគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍សុខ ផល កាលពីថ្មីនេះៗ ក្នុងឱកាសដំណើរការចុះពង្រឹងកិច្ចការងារនិងសាកសួរសុខទុក្ខដល់អង្គភាពអន្តោ ប្រវេសន៍ប្រចាំច្រកអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកអន្តរជាតិដូងស្រុកកំរៀងបានណែនាំដល់នគរបាលអន្តោប្រវេសន៍ ទាំងអស់បានហាមដាច់ខាតមិនឱ្យប៉ះពាល់ប្រាក់កាសរបស់ ប្រជាពលករនោះឡើយ និងថែមជំរុញឱ្យនគរបាលអន្តោប្រវេសន៍ត្រូវមានកាយវិការទន់ភ្លន់រាក់ទាក់ជាមួយបងប្អូនពលករខ្មែរទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ពលករខ្មែរថាមានសមត្ថកិច្ចនៅមាត់ច្រកយកប្រាក់នោះ លោក ហម សំខាន់ ប្រធាន គណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងបានបំភ្លឺឱ្យដឹងថាពាក់ព័ន្ធ បញ្ហានេះលោកសូមច្រានចោល និងបដិសេធថាគ្មានសមត្ថកិច្ចកម្ពុជា នៅមាត់ច្រក ទារប្រាក់ពីពលករខ្មែរនោះឡើយ។ការទ្វារយកប្រាក់នោះ គឺខាងភាគីថៃដែលជាអ្នក យកឯណោះទេ គឺនៅពេលដែលភាគីថៃ តម្រូវឱ្យពលករខ្មែរត្រូវបង់សេវាមួយចំនួនពាក់ព័ន្ធនឹងឯកសារឆ្លងដែនចេញចូលនៅក្នុងប្រទេសថៃនោះ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ពលករ ខ្មែរដែលចាកចេញពីប្រទេសថៃមុនថ្ងៃទី៥ មេសា ឆ្នាំ២០១៧ ភាគីថៃគេទាមទារប្រាក់ថ្លៃបំពេញឯកសារឆ្លងដែនមួយចំនួន។ ប៉ុន្តែសម្រាប់ចាប់ពីថ្ងៃទី៥ មេសា នេះរហូត ដល់ថ្ងៃចូលឆ្នាំខ្មែរ គឺភាគីថៃគេបញ្ឈប់ទារ ប្រាក់ហើយ ។ មាន ន័យថាពលករខ្មែរបានចាកចេញដោយសម្រួល ៕ វិច្ឆិកា