ខេត្តកណ្តាល៖ បុរសម្នាក់រត់ឡើងលើផ្ទះបងស្រីទាំងយប់និយាយប្រាប់ថា មានគេដេញតាមកាប់សម្លាប់ខ្លួន និងបានសុំបងស្រីដេកផ្ទះជាមួយៗយប់ ដោយគិតថាប្អូនប្រុសជាមនុស្សញៀនស្រាវង្វេងស្មារតីបងស្រីមិនបានចាប់អារម្មណ៍អ្វីឡើយ ក៏រៀបចំកន្លែងឲ្យដេក ។ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះព្រឹកព្រលឹមឡើងក៏ប្រទះឃើញប្អូនប្រុសចង.កស្លាប់ ។
ករណីនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះរបស់ឈ្មោះ ប៉ិន ក្រេង ត្រូវជាបងបង្កើតជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ិន រ៉េត ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
ម្ចាស់ផ្ទះឈ្មោះប៉ិន ក្រេង ដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១ ប្អូនប្រុសរបស់គាត់បានរត់ឡើងលើផ្ទះហើយប្រាប់រូបគាត់ជាបងថា មានគេដេញតាមកាប់សម្លាប់ និងបានសុំដេកនៅផ្ទះជាមួយៗយប់ ។ ដោយដឹងថា ប្អូនប្រុសជាមនុស្សញៀនស្រានិងវង្វេងស្មារតី រូបគាត់ជាបងមិនបានចាប់អារម្មណ៍អ្វីឡើយ ហើយក៏បានរៀបចំចងមុងឲ្យប្អូនប្រុសដេក។ លុះព្រឹកឡើងស្រាប់តែប្រទះឃើញប្អូនប្រុសចង.កស្លាប់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យបានដឹង ។
ក្រោយពីបានទទួលព័ត៌មាននគរបាលផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ។
សមត្ថកិច្ចជំនាញបបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់សោយសារចង.កធ្វើអត្តឃាតប្រាកដមែន ។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ