បើកភ្នែកឡើងមិនទាន់លុបមុខទេ ខ្ញុំដុតធូប៣សរសៃបម្រុងថ្វាយបង្គំព្រះតែមិន ទាន់ដោតធូបស្រួលបួលផងស្រាប់តែអាចៅអាយុ១០ឆ្នាំហុចទូរស័ព្ទដៃមកឲ្យខ្ញុំ ហើយ វានិយាយថា តាតា! កុំទាន់សូត្រធម៌តាមើលចំណីភ្នែកនេះសិនទៅ! ខ្ញុំយកដៃញីភ្នែក រួចយកទូរសព័្ទពីដៃចៅមកមើល។ ចុម! ខ្ញុំលាន់មាត់ទាំងមិនដឹងខ្លួន ព្រោះអាចៅបើកហ្វេសប៊ុកឃើញមានយុវជនយុវនារីមួយក្រុមមានអាយុស្របាលៗគ្នាក្នុងខ្ទង់២០ឆ្នាំ ស្លៀកខ្លី ស្លៀកវែង ខ្លះស្លៀកខោរហែកកំពុងនាំគ្នារាំលោតកញ្ឆេងលេចលើលេច ក្រោមបង្ហាញលីអូ ប្រកាច់ប្រកិនលើឆាកដូចមនុស្សឆ្កួតទៅតាមចង្វាក់បទញាក់ យ៉ាងកក្រើក ។
ខ្ញុំទាញវ៉ែនតាទម្លាក់ចុះពីច្រមុះរួចសួរអាចៅថា «គេធ្វើអីនឹងចៅ?» ។ អាចៅចាប់ ទាញទូរស័ព្ទពីដៃខ្ញុំ រួចវាអានអក្សរនៅក្នុងហ្វេសប៊ុកឲ្យខ្ញុំស្តាប់ថា «នេះគឺជាក្រុមរាំ របស់កញ្ញា ទេព បូព្រឹក្ស បង្ហាញទេពកោសល្យរាំនៅសាលាសន្ធរម៉ុកនាពេលថ្មីៗនេះដើម្បីឲ្យសិស្សានុសិស្សទស្សនាកម្សាន្ត »។
គ្រាន់តែអាចៅប្រាប់ដូច្នេះភ្លាម ខ្ញុំយកដៃទះថ្ងាសវាចងផ្ងារក្រោយហើយលាន់មាត់ថា « វាមិនដែលអាណាយកវប្បធម៌ពាលាអាវាសែមកបណ្តុះក្នុងថ្នាលសាលារៀន អ៊ីចឹងទេ ចៅឯងមើលច្រឡំទេដឹង! នេះជាការសម្តែងនៅស្រុកគេទេដឹង?» ។
អាចៅខ្ញុំវាមិនស្តី វាធ្វើមុខក្រញូវដាក់ខ្ញុំព្រោះខឹងខ្ញុំទះថ្ងាសវាចង់ដួលផ្ងារក្រោយ។ វាស្រែកវ៉ាសរួចទន្រ្ទាំជើងសឹងបាក់រនាបដើរចេញពីខ្ញុំដោយរអ៊ូថា «ដូចឆ្កួតចឹងតាខំបើក ហ្វេសប៊ុកឲ្យមើលកម្សាន្តចង់ងាប់បែរជាមកទះក្បាលខ្ញុំចង់ដួល? អាចៅដើរចេញទៅបាត់ភ្លេចទាំងយកទូរស័ព្ទទៅជាមួយ។ ខ្ញុំមិនអស់ចិត្តទាញទូរស័ព្ទមកមើលក្នុងហ្វេសប៊ុកម្តងទៀតទើបដឹងថា អាចៅវាប្រាប់មិនខុសមែន។ ខ្ញុំឃើញមហាជនជាច្រើនបានសរសេរដែលគេហៅតាមភាសាអង់គ្លេសថា(ខំមិន)ស្អីគេនោះបានរិះគន់ចំពោះទង្វើមិនគប្បីទាំងនេះដោយខ្លះនិយាយថា «សុំសរសើរលោកនាយកសាលាសន្ធរម៉ុក», ខ្លះថា «ចប់ហើយកូនខ្មែរឲ្យតែបែបហ្នង!», ខ្លះថា «ថ្នាលបណ្តុះចំណេះមិនគួរយកអ្នកសិល្បៈខ្មែរមកមិនចំខ្មែរសម្តែងឲ្យកូនសិស្សមើលទេ», ខ្លះថា « នាង ទេព បូព្រឹក្ស បែកស្លុយហើយ! ការសម្តែងបែបនេះអាចធ្វើបាននៅក្នុងកម្មវិធីទូរទស្សន៍ការប្រគំ តន្ត្រីតាមសួនកម្សាន្ត ឬក្នុងក្លិបមិនមែនមកបែកស្លុយសម្តែងក្នុងទីធ្លាសាលារៀនបែបនេះទេ», ខ្លះទៀតថា «ក្រសួងវប្បធម៌កុំដេកលក់គួរពិនិត្យមើលផង… »។
សម្រាប់ខ្ញុំវិញខ្ញុំគិតថា ពិតជាជ្រុលពេកហើយ ខណៈដែលចូលឆ្នាំខ្មែរកាន់តែខិត ជិតមកដល់គួរណាស់នាំគ្នាលេងល្បែងប្រជាប្រិយរាំច្រៀងតាមប្រពៃណីខ្មែរ មិនគួរនាំគ្នាភ្លើតភ្លើននឹងវប្បធម៌បរទេសយ៉ាងនេះទេ។ គួរដឹងថា អក្សរសាស្រ្តនិងវប្បធម៌រលត់ ជាតិរលាយ ឈប់សាបព្រោះវប្បធម៌ពាលាអាវាសែបែបនេះទៅ។ មិនគួរណាខ្ញុំដាច់សីលទាំងព្រឹកដោយសារអាចៅសោះ ៕ អាចារ្យល្ងីល្ងើ