ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារប៉ោយប៉ែតប្រាប់ថា កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិត ។
មន្ត្រីអន្តោប្រវេសន៍បន្តថា អ្នកដៃដល់មានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បាញ់ទៅលើ លោក សេម មករា នាយរដ្ឋបាល ត្រូវចំស្មាខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ ហើយគ្រាប់បន្តបន្ទាប់ទៀត មិនផ្ទុះ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ជួយទាន់ពេលវេលា ហើយចាប់ដកកាំភ្លើងតែម្តង ។
សមត្ថកិច្ចបន្តថា ភ្លាមនោះត្រូវបានកម្លាំងចាប់ឃាត់ខ្លួនលោក ឈាន ពិសិដ្ឋ ជាដៃដល់តែម្តង តែជនដៃដល់រត់គេចឡើងលើរថយន្តគេចខ្លួនបានដោយសុវត្ថិភាព។
លោក សេម មករា បានឲ្យដឹង នៅព្រឹកកើតហេតុថា លោក បានទទួលបទបញ្ជាពីនាយប៉ុស្តិ៍ ឲ្យហៅបុគ្គល២រូបមកអប់រំ ។ ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូល ក៏បានជិះរថយន្តមកដល់ ហើយឈាន ពិសិដ្ឋ ក៏បានស្រែកជេរខ្លាំងៗ ទៅលើលោកតែម្តង ដោយមិនបានដឹងពីមូលហេតុ អ្វីច្បាស់លាស់ឡើយ ។
បន្ទាប់ពីឮដូច្នេះ លោក(សេម មករា) ក៏បានចេញពីបន្ទប់មកសួរនាំហើយ ក៏ដើរចូលទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អ គ្រាប់កាំភ្លើងត្រូវត្រឹមតែស្មា រងរបួសតិចតួចប៉ុណ្ណោះ ។
លោក ឈាន ពិសិដ្ឋ កាលពីចុងឆ្នាំ២០១៦កន្លងទៅ ធ្លាប់មានរឿងក្តីក្តាំជាមួយ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា រហូតដល់សមត្ថកិច្ចចាប់ខ្លួនលោក ឌិន ពុទ្ធី បន្ទាប់ពីមានការចោទប្រកាន់ថា លោក ឌិន ពុទ្ធី បើករថយន្តបុកលោក ឈាន ពិសិដ្ឋ ដែលកំពុងឈរស្ទាក់រថយន្តពីមុខ។ ហើយតុលាការខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារអស់មួយរយៈ ៕ វណ្ណា