ភ្នំពេញ៖ ស្រ្តីម្នាក់ជាប្រធានក្រុមហ៊ុន រីស្កូ ម្នាក់ត្រូវបានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់បានសម្រេចអស់លុយប្រមាណ៥ម៉ឺនដុល្លារ។
ករណីឆក់កាបូបនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះមានឈ្មោះ ហុង រដ្ឋា អាយុ៣៧ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន រីស្កូ ស្នាក់នៅផ្ទះBអង៤ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្ដីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់(ជនរងគ្រោះ)បានជិះម៉ូតូ១គ្រឿងម៉ាក Suzuki Let ចេញពីការិយាល័យក្រុមហ៊ុន រីស្កូ នៅផ្ទះលេខ A៦៥ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងយកលុយទៅផ្ញើនៅធានាគារ CIMB ខណៈជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកSuzuki Nex និងម្នាក់ទៀតជិះម៉ូតូឌ្រីមសង់១២៥ដើម្បីបិទគូថ ក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់បានសម្រេចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់តែម្តងដោយមិនរំខានដល់សមត្ថកិច្ច។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកក់២ ដើម្បីឲ្យសមត្ថកិច្ចកំណត់ស្រាវជ្រាវរកមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ស រស្មី