ខេត្តក្រចេះ ៖ ឈើប្រណិតជាច្រើនដុំ ត្រូវបានរកឃើញ នៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដោយកម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នេះបើតាមការឱ្យដឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖ ឈើប្រណិតប្រភេទសុក្រម ចំនួន៨៦ដុំ ស្មើនឹង៤៨,៥០៧ម៉ែត្រគូប ម៉ូតូ ចំនួន០១ គ្រឿង ទូរស័ព្ទ ចំនួន០១គ្រឿង និងសៀវភៅកត់ត្រាឈើចំនួន០២ក្បាល។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យដែលជាម្ចាស់ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕