ក្រុម Crystal Palaceដែលកំពុងតែ ត្រដាបត្រដួសនៅក្នុងតំបន់គ្រោះថ្នាក់បានយកឈ្នះលើក្រុមខ្លាំងកាំភ្លើងធំArsenalដោយលទ្ធផល 3-0 នៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃចន្ទទី១០ខែមេសាឆ្នាំ២០១៧ កន្លងទៅ ។
ការប្រកួតនោះបានប្រព្រឹត្តទៅនៅទឹកដីSelhurst Parkដោយម្ចាស់ផ្ទះមានឱកាស ស៊ុតនាំមុខមួយគ្រាប់មុននៅនាទីទី១៧ជាការ ស៊ុតបញ្ចូលទីរបស់ Andros Townsend។ ចូលដល់វគ្គទីពីរ Yohan Cabaye បានស៊ុតមួយជើងពីចម្ងាយបញ្ចូលទីមួយគ្រាប់ ទៀតនៅនាទីទី៦៣។
ក្រុមភ្ញៀវមិនទាន់រួចខ្លួននៅឡើយទេ ពោលគឺនៅនាទី ៦៨ Luka Milivojevic បានស៊ុតបាល់ប៉េណាល់ទីបានសម្រេចគ្រាប់ទីបី បន្ទាប់ពីអ្នកចាំទីMartinez ធ្វើឲ្យមានកំហុស ក្នុងតំបន់គ្រោះថ្នាក់ ។
លទ្ធផលនេះធ្វើឲ្យក្រុមCrystal Palace ឡើងមកឈរលេខរៀងទី១៦ នៅអង់គ្លេស Premier League មាន៣៤ពិន្ទុលើក្រុម ដែលត្រូវកាត់ចោលចំនួន៦ពិន្ទុ។
ចំណែកលោក Wenger អ្នកចាត់ការ ទូទៅក្រុមកាំភ្លើងធំក៏បានទទួលរងសម្ពាធកាន់តែខ្លាំងថែមទៀតបន្ទាប់ពីបរាជ័យ លើកនេះដោយអ្នកគាំទ្របានលើកបដា ទាមទារឲ្យគាត់ចាកចេញពីតំណែង។
លោក Arsene Wenger អ្នកចាត់ការក្លិប Arsenal អះអាងក្រោយចាញ់ Crystal Palace ថា ភាពស្រពេចស្រពឹលនៃអនាគតរបស់លោកនឹងមិនប៉ះពាល់ដល់កូនក្រុមឡើយ។ លោក Arsene Wenger បានថ្លែងដូច្នេះថា “យើងបានគ្រប់គ្រងបាល់ទាត់នៅ១០ទៅ១៥នាទីបន្ទាប់។ ខ្ញុំបានដឹកនាំក្រុមជាង ១០០០ប្រកួតហើយៗ Arsenal មិនធ្លាប់ ចាញ់បែបនេះទេ។ យើងបានព្យាយាមវាយ បកយ៉ាងលឿនតែមិនអាចសម្រេចគោល ដៅ។ ខ្ញុំយល់ពីអារម្មណ៍អ្នកគាំទ្រ យើងក៏ពិតជាខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះដែលធ្វើឲ្យយើងស្ថិតក្នុងស្ថានភាពដ៏យ៉ាប់មួយ ហើយការប្រកួតយប់នេះមិន អាចជួយយើងបាន” ។
ការបរាជ័យនេះគឺជាបរាជ័យក្រៅទឹកដី៤ប្រកួតជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Wenger ហើយក្រុមកាំភ្លើងធំបានធ្លាក់មកលេខ៦វិញមាន៥៤ពិន្ទុស្មើជាមួយក្រុម Everton (លេខ៧) ប៉ុន្តែកាំភ្លើងធំលើសគ្រាប់បាល់១គ្រាប់។ ក្រុមកាំភ្លើងធំត្រូវប៉ះជាមួយក្រុម Middlesbrough នៅថ្ងៃ ទី១៨ ខែមេសា នៅក្រៅទឹកដីរបស់ខ្លួន បន្តទៀត ៕