ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឡើងទៅឈរនៅលើកំពូលតារាងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដើម្បីបំពេញការសម្រេចបាននូវសមិទ្ធផលដ៏ល្អដែលផ្ទុយគ្នាស្រឡះទៅនឹងក្រុម ជម្រើសជាតិអាហ្សង់ទីនដែលជាគូប្រកួត របស់ពួកគេបានធ្លាក់មកលេខ២វិញ ។
ក្រុមជម្រើសជាតិប្រេស៊ីលគឺជាក្រុម ដំបូងគេដែលឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅប្រទេស រុស្ស៊ីសម្រាប់ទ្វីបអាមេរិកខាងត្បូង ខណៈ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនកំពុង ប្រឈមគ្មានកៅអី World Cup 2018 បើ សិនជាបន្តការចាញ់ទៀតនោះ ។
លទ្ធផលនេះបានបង្ហាញថា ប្រេស៊ីលកំពុងតែបោះជំហានទៅរកភាពខ្លាំងរបស់ខ្លួនវិញក្រោយពីបានធ្លាក់ចេញយ៉ាងអាម៉ាស់ ក្នុងព្រឹត្តិការណ៍ World Cup នៅលើទឹកដី ខ្លួនឯងកាលពីឆ្នាំ២០១៤ ដោយទទួលបាន ចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ ។
ក្រុមជម្រើសជាតិប្រេស៊ីលបានធ្លាក់ ចេញពីចំណាត់ថ្នាក់កំពូលក្រោយពីធ្លាក់ចេញពីយុទ្ធនាការ World Cup ឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ការ សម្រេចបាននូវសមិទ្ធផលនាពេលថ្មីៗនេះ របស់ពួកគេ គឺមានភាពផ្ទុយគ្នាស្រឡះ ទៅនឹងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងមិត្តរួមក្លិប Barcelona របស់ Neymar គឺ Lionel Messi ដែលប្រទេសរបស់គេ កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការអវត្តមានក្នុងយុទ្ធនាការ World Cup នៅឆ្នាំក្រោយ។
ក្រុមជម្រើសជាតិអាហ្សង់ទីនដែលកំពុង ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មិនអាចប្រើប្រាស់តារាឆ្នើមរបស់ខ្លួនរហូតដល់ទៅ៣ប្រកួតក្នុងចំណោមការប្រកួតជម្រុះដែលនៅសល់ចំនួន៣ប្រកួតទៀតដោយសារតែការជាប់ពិន័យព្យួរ។ ក្រុមដែលស្ថិតក្នុង ចំណាត់ថ្នាក់លេខ៣ នៅលើតារាងពិភព លោកគឺក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ដោយដេញតាមពីក្រោយដោយក្រុមជ្រើសជាតិឈីលី និងកូឡុំប៊ី ។
ខាងលើនេះគឺក្រុមខ្លាំងៗនៅក្នុង ចំណាត់ថ្នាក់ FIFA Ranking ៕