ស្រវឹងស្រាដើរកាន់កាំភ្លើងAK47ចូលកន្លែងរាំធុងបាស់ ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះដើរស្ថិតក្នុងស្ថានភាពស្រវឹងកាន់កាំភ្លើងAK47សំដៅចូលទៅកន្លែងរាំធុងបាស់មួយកន្លែងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុខដូ អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការចាប់ខ្លួនបុរសខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំភ្លើងAK47កាត់ស្វាយចំនួន១ដើម មានលេខ១៦១៦១០៤៤ ផលិតនៅប្រទេសចិនក្នុងឆ្នាំ១៩៦៦ ,បង់ចំនួន១ និងគ្រាប់ចំនួន២៨គ្រាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បាននាំគ្នាជួលបាស់ចាក់រាំកម្សាន្តលេង ដោយមានប្រជាពលរដ្ឋជាច្រើននាក់ចូលរាំលេងកម្សាន្ត ខណៈនោះស្រាប់តែលេចមុខបុរសម្នាក់(ជនសង្ស័យ)ដើរកាន់កាំភ្លើងAK47ចូលទៅកន្លែងរាំធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ។

ជនសង្ស័យឈ្មោះ ហេង សុខដូ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា កាំភ្លើងAK47មួយដើមនេះរូបគេរើសបាននៅក្នុងការដ្ឋានឈូសឆាយបន្ទាយចាស់មួយកន្លែងអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ។ បន្ទាប់ពីរើសបានរូបគេមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចនោះទេ ពោលគឺបានយកទៅរក្សាទុកនៅក្នុងលូក្បែរផ្ទះរបស់ខ្លួន ។ ជនសង្ស័យបានបញ្ជាក់ថា ចាប់តាំងពីរើសបានរូបគេពុំដែលយកកាំភ្លើងនេះទៅប្រើប្រាស់នោះទេ ទើបតែមកដល់យប់កើតហេតុរូបគេមានសភាពស្រវឹងក៏ទៅកាំភ្លើងមកមើល និងដើរទៅកន្លែងរាំធុងបាស់តែគ្មានបំណងបាញ់បោះអ្វីឡើយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ ស្អាងជ័យ

...

leng leng2 leng1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print