ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់ខ្លួនដែលជាប់ពាក់ព័ន្ធនិងការអុកឡុកនៅក្នុងគ្រួសារព្រមទាំងមានប្រើប្រាស់គ្រឿងញៀន។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៩ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ មិន ណារិទ្ធ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។ វត្ថុតាងចាប់យកឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ដែកកេះ១០ និងទុយោប៊ឺតចំនួន៤។
សាក្សីបានឲ្យដឹងថា ដោយសារតែសារធាតុញៀនចូលពេញខ្លួនធ្វើឲ្យកូនលែងស្គាល់ឪពុកម្តាយអុកឡុងបង្កការរំខានដល់អ្នកជិតខាងស្ទើររៀងរាល់ថ្ងៃទើបម្តាយទ្រាំមិនបានទើបនៅវេលាកើតហេតុ ម្តាយរបស់ជនសង្ស័យបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា កូនប្រុសរបស់គាត់ឈ្មោះ មិន ណារិទ្ធ បានប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ នៅចំណុចផ្ទះខាងលើទើបកម្លាំងសមត្ថកិច្ចចុះទៅចំណុចកន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលកាកាបតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងឯកសារនិងបញ្ជូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕ សុខាសែនជ័យ
...