បច្ចុប្បន្នគេអាចនិយាយបានថា ប៉ាគីស្ថានកំពុងតែធ្លាក់ចូលក្នុងដៃប្រទេសចិន ដោយចិនបានផ្តល់ជំនួយយោធាជាច្រើនដល់ប្រទេសនេះ ក្រោយពេលដែល អាមេរិក ផ្តាច់ជំនួយផ្នែកយោធា ដោយសារតែការលាក់ខ្លួនរបស់អតីតមេដឹកនាំក្រុមភេរវកម្ម អាល់កៃដា អូសាម៉ាប៊ីឡាដេន នៅក្នុងទឹកដីប៉ាគីស្ថាន មុនពេលអាមេរិក សម្លាប់។
ប៉ាគីស្ថានគឺជាប្រទេសបរមាណូនៅក្នុងតំបន់ ហើយប្រសិនបើ ប្រទេសនេះ ស្ថិតនៅក្រុមឥទ្ធិពលរបស់អាមេរិកនោះ នឹងធ្វើឲ្យអាមេរិកកាន់តែមានឥទ្ធិពលនៅក្នុងតំបន់ ក្រោយពេលដែលមានសម្ពន្ធមិត្ត មាន បរមាណូ ដល់ទៅពីរ គឺឥណ្ឌានិង ប៉ាគី ស្ថាន ។ ទាំងនោះហើយអាចធ្វើឲ្យអាមេរិកទប់ទល់ទៅនឹងប្រទេសដែលអាមេរិក យល់ថាជាការគំរាមកំហែងដល់មហា អំណាចរបស់ខ្លួននោះ។
ការចង់ផ្សះផ្សាទំនាក់ទំនងរវាងអាមេរិកនឹងប៉ាគីស្ថាន បានបង្ហាញតាមរយៈដំណើរ ទស្សនកិច្ច របស់លោក ឧត្តមសេនីយ៍ McMaster ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួបប្រាស្រ័យជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaf Sharif កាលពី ថ្ងៃចន្ទទី១៧ ខែមេសា នាឱកាសនៃដំណើរ ទស្សនកិច្ច ជាលើកដំបូងបង្អស់របស់អ្នក តំណាងជាន់ខ្ពស់មួយរូបនៃរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump។
នៅក្នុងកិច្ចសន្ទនាជាមួយបណ្តាញ ទូរទស្សន៍ អាហ្វហា្គនីស្ថាន លោកឧត្តម សេនីយ៍ McMaster ក៏ពុំបានលើកបញ្ជាក់ ដែរថា តើអាមេរិកនឹងត្រូវបង្កើនវត្តមានកងទ័ពរបស់ខ្លួនដែរឬទេនៅក្នុងប្រទេសនេះ។ ចំពោះប៉ាគីស្ថានវិញ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក បានសម្តែងការរិះគន់ប្រទេស សម្ពន្ធមិត្តមួយនេះរបស់អាមេរិកដែល ត្រូវគេចោទថាបានជួយជាសម្ងាត់ដល់ពួក តាលីបង់នៅអាហ្វហ្គានីស្ថាន និងផ្តល់ទី ជម្រកដល់មេបណ្តាញអ៊ិស្លាមអាល់កៃដាBen Laden ដែលត្រូវកងកុម្ម៉ង់ដូពិសេសអាមេរិកបាញ់ស្លាប់នៅក្នុងឆ្នាំ២០១១។នៅមុនពេលអញ្ជើញទៅដល់ប៉ាគីស្ថាន លោកឧត្តមសេនីយ៍អាមេរិក McMaster ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានធ្វើ ដំណើរទៅកាន់ទីក្រុង Kaboulប្រទេស អាហ្វហ្គានីស្ថាន។ នៅទីនោះ លោក McMaster បានលើកឡើងថា អាមេរិកត្រូវតែប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់បំផុតនៅចំពោះមុខប៉ាគីស្ថាន ដែលប្រទេសខ្លះៗ បានចាត់ទុកថាជាសម្ពន្ធមិត្តមួយរបស់អាមេរិកដែលមិនគួរឲ្យទុកចិត្តទាល់តែសោះ។
ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ McMaster នៅទីក្រុងកាប៊ូលនេះ ត្រូវបានប្រព្រឹត្តទៅតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាមេរិកបានធ្វើការទម្លាក់មេគ្រាប់បែកមួយគ្រាប់ ប្រឆាំងទៅលើទីតាំងនានារបស់ក្រុមជីហាតដនៃអង្គការរដ្ឋអ៊ិស្លាមនៅ ភាគខាងកើតនៃប្រទេសអាហ្វហ្គា នីស្ថាន។យោងតាមសេចក្តីជូនដំណឹង មួយរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុង Islamabad នៅប៉ាគីស្ថាន លោកឧត្តម សេនីយ៍ McMaster បានថ្លែងសរសើរអំពីការរីកចម្រើនសេដ្ឋកិច្ចនិងប្រជាធិបតេយ្យរបស់ ប៉ាគីស្ថានតែលោកក៏បានគួសបញ្ជាក់ផងដែរថា ប៉ាគីសា្ថន ត្រូវតែដោះស្រាយជាចាំបាច់នៅលើបញ្ហាអំពើភេរវកម្មនានានៅក្នុង ប្រទេស។ តែ ប៉ាគីស្ថានវិញ បានលើក ឡើងថា លោកឧត្តមសេនីយ៍ McMaster ថ្លែងធានាអះអាងចំពោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ថារដ្ឋបាលរបស់លោក Trump បានសន្យាថានឹងនៅធ្វើការជាមួយប៉ាគីស្ថាន តទៅមុខទៀត ដើម្បីឲ្យបានសម្រេចនូវសុខសន្តិភាពនិងស្ថិរភាពទាំងនៅ អាហ្វហ្គានីស្ថាននិងទាំងនៅប៉ាគីស្ថាន។
គួររំលឹកថា កងទ័ពអាមេរិក បានដាក់ ពង្រាយការពារសន្តិសុខនៅអាហ្វហ្គានីស្ថានបន្ទាប់ពីការផ្តួលរំលំរបបអ៊ិស្លាមជ្រុលនិយមតាលីបង់នៅឆ្នាំ២០០១។ អាមេរិកដែលជាអ្នកដឹកនាំប្រតិបត្តិការអូតង់ មក ទល់ពេលនេះ មានកងទ័ពខ្លួនចំនួន៨ ៤០០នាក់និងមានជំនួយទាហានពីប្រទេសសម្ពន្ធមិត្តចំនួន ៥០០០នាក់ថែមទៀតក្នុងប្រតិបត្តិការជួយគាំពារដល់រដ្ឋាភិបាល អាហ្វហ្គានីស្ថាននៅខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងនានាដើម្បីការ ចរចាសន្តិភាពរវាងទីក្រុងកាប៊ូលនឹងចលនាឧទ្ទាមតាលីបង់ទំនងដូចជា អស់ផ្លូវអស់សង្ឃឹម៕
ប្រែសម្រួល៖ ម៉ែវ សាធី