ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដក្នុងស្ថានភាពស្រវឹងស្រាយ៉ាងលឿន បានជ្រុលចង្កូតទៅបុកនឹងម៉ូតូ ត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដ១គ្រឿងម៉ាកកាមរីបាឡែន ដែលពាក់ស្លាកលេខ ភ្នំពេញ 2V-3310 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរួចមកដល់កន្លែងកើតហេតុស្រាប់ត្រែបុកនិងម៉ូតូមួយគ្រឿងម៉ាកTodayអត់មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានអ្នកធ្វើដំណើរហៅរថយន្ដសាមុយយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ។
ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់ប៉ុស្ដិ៍នគរបាលវត្ដភ្នំដោយឃុំខ្លួនបណ្ដោះអាសន្ន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅវាស់វែង និងអូសរថយន្ដម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីដោះស្រាយតាមនីតិវិធី ៕ ស តារា