ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសស្រាលធ្ងន់ ខណៈត្រូវបុរសម្នាក់បើករថយន្តមកបុកពីក្រោយជ្រុលបុករះរថយន្តនិងរ៉ឺម៉កម៉ូតូ៣គ្រឿងពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ ។
ករណីបើករថយន្តបង្កគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ2AE-2778 ជិះក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុករថយន្ត២គ្រឿងដែលចតទុកចោលនៅលើផ្លូវហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូលក់កាហ្វេពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរខណ្ឌចំការមនក៏បានចុះមកដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងតែ ដោយសារមានអ្នកតំណាងភាគីខាងរថយន្តបង្កបានចេញមុខមកធ្វើការដោះស្រាយបញ្ចប់រឿង ដោយយល់ព្រមសងថ្លៃខូចខាតរថយន្តទាំង២គ្រឿង និងរ៉ឺម៉កម៉ូតូលក់កាហ្វេ ព្រមទាំងព្យាបាលដល់ជនរងគ្រោះទាំងអស់ ៕ ស រស្មី