ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារបានព័ទ្ធចាប់ជនសង្ស័យម្នាក់ដែលឡើងលើដំបូលគាស់ទម្លុះទម្លាយ រួចចូលទៅខាងក្នុងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ តែសំណាងអាក្រក់ត្រូវបានអ្នកជិតខាងឃើញ រួចរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង១៥នាទី ស្ថិតនៅផ្ទះជនរងគ្រោះលេខ J107 ផ្លូវប៉េតុង ក្រុម៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។
ជនសង្ស័យមានឈ្មោះ ឡៃ សំអឿន ហៅលីធឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះជួលភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះដែលបានចាក់សោរទ្វាផ្ទះ ហើយត្រូវបានជនសង្ស័យឡើងលើដំបូលគាស់ចូលខាងក្នុងនោះមានឈ្មោះ លុយ ណារិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ និងមានមុខរបរជាមន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺបានប្រជាពលរដ្ឋរាយការណ៍ភ្លាមៗ ខណៈឃើញជនសង្ស័យគាស់ដំបូល រួូចចូលទៅខាងក្នុងរបស់ជនរងគ្រោះ។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍បានដឹកនាំទាំងប្រជាការពារចុះទៅកាន់ទីតាំងកើតហេតុ រួចក៏ទូរស័ព្ទទៅកាន់ជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីចូលទៅខាងក្នុងឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។
សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនពីជនសង្ស័យមានកាំបិទបុ័ងតោ, កន្ត្រៃ និងប្រាក់រៀលចំនួន៧០០០ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការទៅតាមផ្លូវច្បាប់៕ អរុណរះ