ខេត្តតាកែវ ៖ ពលរដ្ឋនឹកហួសចិត្តនឹងលោកអភិបាលស្រុកបាទីដែលបើករថ យន្តទាំងស្រវឹងធ្លាក់ភ្នែក ហើយជែងគេឯង ពេញផ្លូវទៅប៉ះរថយន្តភាគីម្ខាងទៀតហើយទុកឲ្យប្រពន្ធជេរដៀលគេនិងទារសំណងតាមអំពើចិត្ត ។ ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
បើយោងតាមប្រជាពលរដ្ឋឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរបស់ លោក អ៊ុក រី អភិបាលស្រុកបាទី ម៉ាកឡិច ស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-4606 បើកច្រងេងច្រងាងពី ទិសខាងត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង ដែលមានលោក អ៊ុក រី ជាអ្នកបើបរ និងអ្នករួមដំណើរម្នាក់ទៀតជាប្រពន្ធរបស់លោក លុះមកដល់ចំណុចខាងលើបានវ៉ារថយន្ត ឡិចស៊ីស RX 300 ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2K-3873 ធ្វើដំណើរស្របទិសគ្នាបានប៉ះកាងខាងឆ្វេងរួចបន្តទៅបុកជាមួយធុងទឹកកកនៅចិញ្ចើមផ្លូវបន្ថែមទៀត។
ក្រោយពេលកើតហេតុលោក អ៊ុក រី បានគេចខ្លួនបាត់ទុកឲ្យភរិយានៅជេរតិះដៀលភាគីម្ខាងទៀតនិងទារសំណង១២០០ ដុល្លារឲ្យខាងតែបានបើមិនបានគំរាមប្តឹងទៅតុលាការ ។
បើយោងតាមសម្តីរបស់លោក អ៊ុង ពៅ ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលាបានឲ្យដឹងថាមុនពេលកើតហេតុលោក បានធ្វើដំណើរតាមរថយន្តខាងលើសំដៅទៅភ្នំពេញដើម្បីទៅធ្វើការវិញ ។ លុះ មកដល់ចំណុចខាងលើលោកបានមើល តាមកញ្ចក់ទៅក្រោយបានឃើញរថយន្ត របស់លោក អ៊ុក រី បើកជែងគេឯងមកវ៉ាក់ជាមួយរថយន្តធុនធំដែលបើកបញ្រ្ចាស ទិសគ្នា ។ ពេលនោះស្រាប់តែរថយន្តដែលគេស្គាល់ថាជារបស់លោក អ៊ុក រី នោះបានកាច់ចង្កូតមកស្តាំក៏ជ្រុលប៉ះរថយន្តរបស់គាត់ផ្នែកកាងខាងឆ្វេង រួចបន្តទៅបុកធុង ទឹកកក ដែលលក់នៅចិញ្ចើមផ្លូវបណ្តាល ឲ្យខូចបន្តិចបន្តួច រួចលោកក៏បើកបន្តទៅ មុខទៀតព្រោះលោកគិតថាលោកមិនមែនជាអ្នកខុសទេ ។ ពេលធ្វើដំណើរមកដល់សាលាស្រុកបាទី សមត្ថកិច្ចបានឃាត់រថយន្តរបស់លោករួចឲ្យលោកបើកទៅកន្លែងកើតហេតុវិញ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរវៀង ស្រុកសំរោង បានយករថយន្តទាំង២គ្រឿងទៅរក្សាទុកដោយសារតែប្រពន្ធលោក អ៊ុក រី បានមកជេរតិះដៀលលើក្រុមគ្រួសារបស់លោក និងគំរាមឲ្យ លោកបង់ លុយ១២០០ដុលារ ។
បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ចប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ហើយ ដោយភាគីខាងរថយន្តឡិចស៊ីសRX300 ពណ៌ទឹកមាស បានបង់សំណង៦០០ ដុល្លារឲ្យទៅខាងលោក អ៊ុក រី ដោយ សារតែប្រពន្ធលោក អ៊ុក រី បានមកជេរ តិះដៀល ហើយគំរាមតែប្តឹងទៅតុលាការ។ ជុំវិញករណីខាងលើប្រជាពលរដ្ឋដែល បានឃើញហេតុការណ៍រិះគន់ថា តើអភិបាលស្រុកនៅក្នុងខេត្តតាកែវច្រើនតែច្រងេង ច្រងាងច្រឡើសប៊ើសដូចលោក អ៊ុក រី អភិបាលស្រុកបាទីដែរឬទេ? ព្រោះបច្ចុប្បន្ន អភិបាលស្រុកបាទីបានជាប់ងារថា ប្តីជា អភិបាលស្រុកប្រពន្ធជាអភិបាលខេត្ត ។
ចំណែកលោក មឿង សារុន អធិការ ស្រុកសំរោងបានឲ្យដឹងថា ពិតជាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងលោក អ៊ុក រី អភិបាលស្រុកបាទីនឹងលោក អ៊ុង ពៅ ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលាប្រាកដមែន ៕ ភ្នំដា