ខេត្តព្រះសីហនុ៖ លោក វរសេនីយ៍ទោ ញ៉ែត ភណ្ឌ័ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលរាជធានីភ្នំពេញស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២០ជាង នៅផ្ទះសំណាក់ដារ៉ាថ្នល់កោង បន្ទប់លេខ១០ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ ឡ ហ្វុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបើកហាងលក់ម្ហូបអាហារចិន មានទីលំនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ ។
ជាលទ្ធផល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ កំពុងស្នាក់នៅផ្ទះជួលនៅខេត្តព្រះសីហនុ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យ ទី១,ឈ្មោះGao keyan ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៦២៥៩៩៦៩៦ មុខរបរចុងភៅនៅ ភោជនីយដ្ឋានឈ្មោះប៉ាវ ឡៅ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ។ ទី២,ឈ្មោះ ម៉ុន ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនថ្លៃ ឈ្មោះ Gao keyan មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងក្រូច ឃំុរាប ស្រុកពាមរ ខេត្តព្រៃវែង ជាសហចារី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២បានសារភាពថា ពួកខ្លួនពិតជាបានសម្លាប់ជនរងគ្រោះខាងលើនៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយប្រើស្គុតរុំដៃជើង ចាប់បោកក្បាលនៅជញ្ជាំថ្ម និងយកខ្សែក្រវាត់រឹតក បណ្តាលឲ្យស្លាប់ រួចដឹកតាមរថយន្តយកទៅទំលាក់ទឹកស្ពានអ្នកលឿងចោលតែម្តង ដោយសារមូលហេតុគំនុំ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គំនុំនេះ កើតឡើងដោយសារ ជនរងគ្រោះបានបញ្ឈប់ការងារ ឈ្មោះ Gao keyan ពីហាងរបស់គាត់។ អំពើប្រព្រឹត្តធ្វើនៅក្នុងទឹកដីរាជធានីភ្នំពេញ តែជនរងគ្រោះ និងជនសង្ស័យស្នាក់នៅខេត្តព្រះសីហនុ។ លទ្ធផលដែលធ្វើបាន ដោយជោគជ័យនេះ គឺមានការសហការគ្នា ជាច្រើនអង្គភាព មាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងនគរបាលខេត្តព្រះសីហនុ។
ជនសង្សយ័ទាំង២នាក់នេះ នគរបាលខេត្តព្រះសីហនុ បានប្រគល់ ឲ្យនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ