ខេត្តកំពង់ចាម៖ ប្ដីហេងស៊យម្នាក់ដែលបានកាប់ប្រពន្ធកូនឲ្យរបួសធ្ងន់រួចរត់គេចខ្លួនរហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនបាននៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ទុំ ចាន់ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
លោកបានបញ្ជាក់ថា បើទោះបីជានៅពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ក្នុងអំពើហិង្សាក្រុមគ្រួសារខាងលើនេះក្ដី តែសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសឲ្យខានតែបាន។
គួររំលឹកថា ស្ត្រីម្នាក់និងកូនស្រីត្រូវប្ដីកាប់ឲ្យរបួសធ្ងន់ គ្រាដែលជនសង្ស័យជាប្ដីស្រវឹងស្រា ហើយប្រពន្ធបានពិភាក្សារឿងយកលុយទៅសងធនាគារផ្តាច់ ដើម្បីខ្ចីលុយថ្មីយកមកទិញដីអ្នកភូមិ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិទទា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនដៃដល់ដែលបានកាប់ប្រពន្ធកូនរួចរត់គេចខ្លួនឈ្មោះឈន ដែន អាយុ៣៣ឆ្នាំ ។ រីឯស្ត្រីរងគ្រោះឈ្មោះ ហឿន សារ៉ាត់ និងកូនស្រីឈ្មោះញឹក សិលា អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
នៅថ្ងៃកើតហេតុ បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនាព្រលប់ថ្ងៃទី១៩ ខែមេសាប្តីរបស់គាត់បានទៅជួយរំកិលផ្ទះអ្នកភូមិហើយនៅពេលនោះម្ចាស់ផ្ទះបានទិញស្រានិងធ្វើម្ហូបឲ្យផឹកសុីផងដែររហូតប្តីរបស់គាត់ស្រវឹងយ៉ាងខ្លាំង។ បន្ទាប់មកប្តីរបស់គាត់បានត្រឡប់មកផ្ទះវិញពេលនោះរូបគាត់បានពិភាក្សាជាមួយប្តីចង់យកប្រាក់ដែលជំពាក់បំណុលធនាគារឯកជនចំនួន២លានរៀលយកទៅសងផ្តាច់រួចខ្ចីប្រាក់បន្ថែមជាថ្មី៣លានរៀលមកវិញក្នុងបំណងយកទៅទិញដីនៅក្នុងភូមិ។
ស្ត្រីរងគ្រោះបានបន្តថា នៅពេលដែលគាត់និយាយមិនទាន់ផុតពីមាត់ផងប្តីរបស់គាត់ក៏ផ្ទុះហិង្សាឈានដល់ការឈ្លោះប្រកែកគ្នាហើយប្តីក៏ទាញកាំបិតខ្វែវកាប់មកលើរូបគាត់និងកូនស្រីតែដោយខ្លាចត្រូវកូនស្រីគាត់ក៏យកដៃទៅរងបណ្តាលឲ្យដាច់ម្រាមដៃខាងឆ្វេង៤និងបាក់ដៃស្តាំទៀតផង។ មិនតែប៉ុណ្ណោះប្តីរបស់គាត់បានកាប់បំណងសម្លាប់រូបគាត់ចំនួន៣កាំបិតទៀតតែគាត់គេចបណ្តាលឲ្យត្រូវជង្គង់ខាងស្តាំរងរបួសធ្ងន់។ ឃើញដូច្នេះកូនស្រីរបស់គាត់ឈ្មោះញឹកសិលាក៏រត់ចុះមកដីតែត្រូវឪពុករបស់នាងដេញកាប់ពេលនោះនាងបានរត់ទៅផ្ទះម្តាយមីងឲ្យជួយក៏បង្កឲ្យមានការភ្ញាក់ផ្អើលហើយជនដៃដល់បានរត់គេចបាត់ស្រមោលទៅ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅពេលដែលប្តីរបស់គាត់កាប់ត្រូវដៃនិងជង្គង់បណ្តាលឲ្យហូរឈាមរហូតខ្សោះខ្លួនហើយពេលនោះគាត់ក៏លែងដឹងអ្វីទាំងនៅពេលគាត់ដឹងខ្លួនគឺស្ថិតនៅក្នុងមន្ទីរពេទ្យ។
ស្ត្រីរងគ្រោះបានឲ្យដឹងដែរថា កាលគាត់រស់នៅជាមួយប្តីដើមមានកូន៣នាក់តែដោយសាររស់នៅមិនចុះសម្រុងគ្នាក៏បានលែងលះគ្នាទៅ។ លុះក្រោយមកបានរៀបការជាមួយនឹងប្តីក្រោយខាងលើមានកូន២នាក់ទៀតប៉ុន្តែការរស់នៅក៏មិនសូវចុះសម្រុងគ្នាដែរ ហើយកន្លងទៅធ្លាប់ត្រូវបានមេភូមិហៅប្តីគាត់ទៅអប់រំជារឿយៗដោយសារតែប្រើអំពើហិង្សាក្នុងគ្រួសារ៕ សហការី