កម្ពុជាទទួលមកវិញ នូវឈុតគ្រឿងអលង្ការមាស របស់ខ្មែរ នាសម័យអង្គរ ពីប្រទេសអង់គ្លេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងទី២១ មេសាឆ្នាំ២០១៧ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីជូនព័ត៌មានមួយ ស្តីពីការទទួលមកវិញ នូវឈុតគ្រឿងអលង្ការមាស របស់ខ្មែរ នាសម័យអង្គរ។

សេចក្តីជូនព័ត៌មាននេះបានបញ្ជាក់ថា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ភ្នាក់ងារលក់វត្ថុបុរាណ Jonhnathan Tucker Antonia Tozer Asian Art បានស្ម័គ្រចិត្តប្រគល់ ឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាល ក្នុងសម័យអង្គរ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស នាទីក្រុងឡុងដ៍ ដោយមានការចូលរួម ពីសំណាក់លោកស្រី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងមន្ត្រីជំនាញនៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី Katherine McGinn មន្ត្រីការិយាល័យ ទទួលបន្ទុកកិច្ចការ ប្រចាំប្រទេសកម្ពុជា ឡាវ សឹង្ហបុរី អាស៊ាន និង ASEM នៃក្រសួងការបរទេស និង The Commonwealth នៃចក្រភពអង់គ្លេស លោកស្រី DC Sophie V.Hayes ទទួលបន្ទុកកិច្ចការសិល្បៈ និងបុរាណនៃស្នងការដ្ឋាន នគរបាលក្រុងឡុងដ៍ នាយកដ្ឋានវប្បធម៌ ផ្សព្វផ្សាយ និងកីឡា និងលោក Nell F. Perry អ្នកជំនាញអភិរក្ស តំណាងភ្នាក់ងារ លក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art បានប្រកាសដាក់តាំង លក់វត្ថុបុរាណ ឥណ្ឌា និងអាស៊ីអាគ្នេយ៍ នៅស្នាក់ការរបស់ខ្លួន នាទីក្រុងឡុងដ៍ អាសយដ្ឋាន 37 Bury Street, st. James’s, London, SW1Y 6AU ចាប់ពីថ្ងៃទី៣ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលក្នុងនេះ មានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលវត្ថុបុរាណនេះ ធ្លាប់បានផ្សព្វផ្សាយ ក្នុងសៀវភៅ Khmer Gold: Gifts for the Gods និពន្ធរួមដោយលោកស្រី Emma C.Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ។

ទទួលបានដំណឹងនេះភ្លាម ក្រសួងវប្បធម៌ និ វិចិត្រសិល្បៈ បានជូនដំណឹង ដល់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងទទួលបានសេចក្តីណែនាំ ជាបន្ទាន់មួយ ដើម្បីធ្វើការទាមទារ សុំឲ្យភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art ដកចេញពីបញ្ជីលក់ និងសម្របសម្រួល បញ្ជូនមកកម្ពុជាវិញ ដោយភាគីកម្ពុជា បានផ្តល់សក្ខីកម្ម យ៉ាងច្បាស់ថា វត្ថុបុរាណនេះ ជាកម្មសិទ្ធិតែមួយគត់ របស់កម្ពុជា តាមរយៈក្បូរក្បាច់រចនា ដែលមានតែក្នុងរចនាបថសិល្បៈខ្មែរ មួយគត់ ហើយដែលត្រូវបានយកចេញ ដោយខុសច្បាប់ពីកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការកោតសរសើរ ដល់រាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស ដែលបានខ្នះខ្នែងជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារ វត្ថុបុរាណនេះ មកឲ្យកម្ពុជាវិញ និងសូមថ្លែងអំណរគុណផងដែរ ដល់ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asia Art ដែលមានសុឆន្ទៈ និងសហការបានល្អប្រសើរ ជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល ប្រគល់វត្ថុបុរាណនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ។

ក្នុងឱកាសនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា មានចំណាប់អារម្មណ៍ថា ៖ ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំត្រឡប់មកវិញ នូវរតនវត្ថុ របស់ជាតិ នាពេលនេះ គឺជាមង្គលដ៏ឧត្តមមួយ របស់ប្រទេស ក៏ដូចជា ចំណងដៃមួយដ៏ថ្លៃថ្លា ជូនប្រជាជនកម្ពុជា ទាំងមូល នាឱកាសឆ្នាំថ្មីនេះដែរ ។

ការប្រគល់ត្រឡប់មកវិញ ដោយការស្ម័គ្រចិត្តនេះ បង្ហាញឲ្យឃើញពី ការលើកតម្លៃ សម្បត្តិវប្បធម៌កម្ពុជា និងក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យ វត្ថុបុរាណ មានការប្រសើរឡើង និងសូមលើកទឹកចិត្ត ដល់បុគ្គលដល់សារមន្ទីរ ក្រុមហ៊ុន ក៏ដូចជា ស្ថាប័ននានា លើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណ របស់កម្ពុជា សូមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា តាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្ត ប្រគល់វត្ថុបុរាណ ទាំងនោះ មកកម្ពុជាវិញ ។ កម្ពុជាចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមតែបង្ហាញ ពីការចូលរួមលើកតម្លៃ ដល់វប្បធម៌ នៃជាតិសាសន៍មួយ ប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សារ និងព្យាបាលរបួសផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាម ស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្ម នៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ៕ សហការី

nkd

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print