ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ឃាត់ខ្លួន បន្ទាប់ពីបុរសជាឪពុកចុងនេះ បានធ្វើសកម្មភាពចាប់រំលោភទៅលើកូនដើមរហូតបានសម្រេច ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃរសៀលទី២១ ខែមេសា ឆ្នាំ២០១៧ ក្រោយពីធ្វើ សកម្មភាពបានមួយថ្ងៃ តាមបណ្តឹងរបស់ក្រុមគ្រួសាររបស់នាររីងគ្រោះ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាឪពុកចុង ឈ្មោះ មុត រស់ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្នោឃុំខុនរ៉ងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ នារីរងគ្រោះ មានអាយុ១៧ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយជនសង្ស័យ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនិងម្តាយនារីរងគ្រោះជារស់នៅជាមួយគ្នា ជាប្តីប្រពន្ធ អស់រយៈពេលចំនួន៧ឆ្នាំមកហើយ មានកូនក្នុងបន្ទុកចំនួន៣នាក់ ។
នៅថ្ងៃកើតហេតុម្តាយនារីរងគ្រោះមិនបាននៅផ្ទះនោះទេ គឺទៅស៊ីឈ្នួលចាំចំការអោយគេ ទុកនារី រងគ្រោះនៅជាមួយឪពុកចុង ។
សមត្ថិកិច្ចបានអោយដឹងទៀតថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដែលជាវេលាយប់ស្ងាត់ ឪពុកចុងឃើញឱកាសនេះបានចូលទៅចាប់រំលោភនារីរងគ្រោះទាំងកំរោលតែម្តង រហូតបានសម្រេច ជាច្រើនដង ។
លុះព្រឹកឡើងស្ត្រីជាមា្តយបានត្រឡប់មកផ្ទះវិញ កូនស្រីបាននិយាយរឿងរ៉ាវប្រាប់ តែម្តាយមិនជឿ ពេលនោះនារីរងគ្រោះបានយករឿងនេះទៅប្រាប់ជីដូនរបស់ខ្លួន ហើយជីដូន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង លុះដល់រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចចាប់ឪពុកចុងជាជនសង្ស័យបាន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីពិតប្រាកដមែន ។
ក្រោយពីធ្វើការសាកសួរសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា