ខេត្ដមណ្ឌលគិរី៖ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៥មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវ ក្រុមហ៊ុនដាយថាន់(ដាំកៅស៊ូ)ស្ថិតនៅ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា បង្កឡើងដោយរថយន្ដកែច្នៃមួយគ្រឿង ដឹកឈើសុក្រំចំនួន៥កំណាត់បើករេខុសផ្លូវបណ្ដាលឱ្យក្រឡាប់សង្កត់មនុស្សស្លាប់ ចំនួន៣នាក់ ។
ជនរងគ្រោះដែលស្លាប់រួមមាន ទី១-ឈ្មោះឈាន តុ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ, ទី២-ឈ្មោះធា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្រែយាម ឃុំ ឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ និងទី៣-ឈ្មោះរុំ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ ។
ចំណែកម្ចាស់រថយន្ដបង្កគ្រោះថ្នាក់ ឈ្មោះម៉ាប់ ភេទប្រុស នៅភូមិមានប់ ឃុំក្រែងពស់ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង រីឯអ្នកបើកបររថយន្ដ បង្កឈ្មោះរា ស៊ី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្ដធ្វើឱ្យមនុស្សស្លាប់នេះនៅមិនឆ្ងាយ(ប្រហែល៧គីឡូ ម៉ែត្រ)ពីស្ពានដែកបាឡេដែលក្រុមហ៊ុន ខាងលើដឹកឈើធ្វើឱ្យបាក់កាលពីប៉ុន្មាន ខែមុននេះ ។
ប្រភពព័ត៌មានចុងក្រោយដែលទទួល បានពីលោកកុយ ចំរើន នាយប៉ុស្ដិ៍រដ្ឋ បាលស្រែឈូកបានឱ្យដឹងថា តាំងពីកើត ហេតុម៉ោង៨យប់ថ្ងៃទី២៣ រហូតដល់ ម៉ោង២រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៥នៅមានសាកសពម្នាក់មិនទាន់អាចយកចេញពីក្រោមគំនរឈើដែល សង្កត់ទេ ព្រោះនៅតំបន់កើតហេតុដាច់ ស្រយាលនៅក្នុងព្រៃ។
លោកបានបន្ដថា រថយន្ដកែច្នៃខាង លើដឹកឈើចូលក្នុងក្រុមហ៊ុន (ឈ្មោះ ដាយថាន់)ក៏ដោយក៏ម្ចាស់ក្រុមហ៊ុនបាននិយាយថា មិនមានជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុនឡើយហើយលោកបានទទួចសុំឱ្យខាងក្រុមហ៊ុនជួយយកគ្រឿងចក្រមកជួយស្ទូចគំនរឈើចេញដើម្បីយកសពទៅ ធ្វើបុណ្យក៏ខាងក្រុមហ៊ុនមិនព្រមបញ្ជូន គ្រឿងចក្រមកជួយដែរ។
តែទោះជាយ៉ាងណាក៏ដោយលោក បានឱ្យគេទៅជួលរថយន្ដស្ទូចនៅស្រុក ស្នួលខេត្ដក្រចេះរួចហើយដែលមាន ចម្ងាយផ្លូវប្រមាណជិត៦០គីឡូម៉ែត្រ ដើម្បីអាចយកសពទៅធ្វើបុណ្យ ៕
ដោយ៖ ឦសាន