មុខសញ្ញាលួចដ៏សកម្មតាមឆ្នេរសមុទ្រ២នាក់ ត្រូវនគរបាលព័ទ្ធចាប់បាន បន្ទាប់ពីធ្វើសកម្មភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅ វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងមកនេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុរួមជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានសហការគ្នាព័ទ្ធចាប់មុខសញ្ញាលួចសម្ភារភ្ញៀវទេសចរ បានចំនួន២នាក់ នៅតំបន់ឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលពួកគេបានធ្វើសកម្មភាពលួចក់យកកាបូបរបស់ភ្ញៀវទេសចរជាជនជាតិបរទេសទុកនៅលើឆ្នេរខ្សាច់ ហើយចុះងូតទឹកសមុទ្រ ។

លោកអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនមានទី១ឈ្មោះ វ៉ាន់ រស់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកលួច មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ (កូនកំព្រា) និងទី២ឈ្មោះ ពៅ ប៊ុនហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបឹងវែង ឃំុវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ ។

តាមចម្លើយរបស់ឈ្មោះ ពៅ ប៊ុនហួត បានឆ្លើយសារភាពថា កន្លងមកធ្លាប់ធ្វើសកម្មភាពលួចយកសម្ភាររបស់ភ្ញៀវជនបរទេស នៅឆ្នេរអូរត្រេះជាញឹកញាប់ ហើយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នៅវេលាម៉ោង៤រសៀល រូបគេជាមួយឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល២០ឆ្នាំបានធ្វើសកម្មភាពបានសម្រេចម្តងហើយដែរ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាពេលនេះ។

វត្តុតាងចាប់យកបានមាន៖ កាបូបស្ពាយពណ៌ខ្មៅ១ ស្រោមដាក់កាមេរ៉ាថតរូបពណ៌ខ្មៅ១, ម៉ាស៊ីនថតរូប ម៉ាកNikon មួយគ្រឿង(ផលចោរកម្ម) និងម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្នានស្លាកលេខ មធ្យោបាយជិះ ធ្វើសកម្មភាពនាពេលកន្លងមក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងអធិការនគរបាលក្រុងព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុដើម្បីសាកសួរបន្ថែមទៀត និងបញ្ជូនទៅសាលាតំបូងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

...

kps (3) kps (2) kps (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print