ពលរដ្ឋសំណូមពរអាជ្ញាធរជួយពិនិត្យមើល ម្ចាស់សិប្បកម្មកិនជ័រអេតចាយនៅសង្កាត់ឃ្មួញ រំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ ៖ សិប្បកម្ម កិនជ័រ អេតចាយមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ក្រុមទី២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងរំលោភយកចិញ្ចើមផ្លូវសាធារណ ដាក់បាវអេតចាយជាច្រើន តំរៀបលើគ្នា សម្រាប់បំរើអាជីវកម្មរបស់ខ្លួនយ៉ាងរលូន ដោយមិនខ្វល់អំពីផលប៉ះពាល់ផ្សេងៗទៅប្រជាពលរដ្ឋ ឬ សណ្តាប់ធ្នាប់ សាធារណនោះឡើយ ។ ចំពោះបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋ សូមសំណូមពរអាជ្ញាធរសង្កាត់ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខ មេត្តាមានវិធានទប់ស្កាត់អោយខានតែបាន ។

ជាក់ស្តែងរូបភាពនេះ ត្រូវបានភ្នាក់ងារសាព័ត៌មាននគរវត្ត របស់យើងថតបាន កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ ។

ប្រជាពលរដ្ឋប្រាប់ថា ម្ចាស់ទីតាំងសិប្បកម្ម កិនជ័រ អេតចាយនេះ ជារឿយៗតែងតែរំលោភយកចិញ្ចើមផ្លូវ ក៍ដូចជាទ្រូងផ្លូវ សាធារណ ធ្វើជាកន្លែងស្តុកបាវអេតចាយជាយូរ ខែ ឆ្នាំមកហើយ ដែលនាំអោយប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ ក៍ដូចជាបង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃផងដែរ ។ រាល់បញ្ហាប៉ះពាល់ទាំងនេះ មិនដឹងថា ទាំងអាជ្ញាធរសង្កាត់ឃ្មួញ និងអាជ្ញាធរខណ្ឌសែនសុខ ទទួលព័ត៍មាននេះហើយ ឬនៅ នោះទេ ? បានជាបណ្តែតបណ្តោយអោយម្ចាស់ទីតាំងសិប្បកម្ម កិនជ័រ អេតចាយមួយនេះ ដាក់បាវអេតចាយ ពាសវាល ពាស កាល បាត់បង់របៀបរាបរយ សណ្តាប់ធ្នាប់ សាធារណ រហូតមកដល់ពេលនេះ ។

ជាសំណូមពររបស់ពួកគាត់ សូមអោយអាជ្ញាធរសង្កាត់ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខផ្ទាល់តែម្តង មេត្តាមានវិធានទប់ស្កាត់អោយខានតែបាន ចៀសវាងផលប៉ះពាល់ផ្សេងៗបន្តទៀត ។

សូមបញ្ជាក់ថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ បានដឹកនាំមន្រ្តីជំនាញសាលាខណ្ឌ ចុះធ្វើការត្រួតពិនិត្យ ព្រមទាំងបានណែនាំម្ចាស់សិប្បកម្ម ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់ផ្សេងៗទៅដល់ប្រជាពលរដ្ឋ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់អោយដឹងថា មូលហេតុដែលនាំអោយលោកស្រី ព្រុំ រដ្ឋា តំណាងលោក ប៉ឹល កុសល អភិបាល នៃគណះអភិបាលខណ្ឌសែនសុខ ដឹកនាំមន្រ្តីជំនាញសាលាខណ្ឌ ចុះធ្វើការត្រួតពិនិត្យ ទីតាំងសិប្បកម្មកិនជ័រអេតចាយនេះ គឺដោយសារទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះ ប្រមាណ ១៥គ្រួសារ ទទួលរងផលប៉ះពាល់ផ្សេងៗទៅដល់ការរស់នៅរបស់ពួកគាត់ ជាពិសេសការរំខានសំឡេងខ្លាំងៗ ទើបអាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យបែបនេះ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់បន្តអោយដឹងទៀតថា ក្រោយពីចុះធ្វើការត្រួតពិនិត្យបញ្ជាក់ថា ទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះ មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ហើយក្នុងនោះដែរ អាជ្ញាធរខណ្ឌក៍បានណែនាំទៅដល់ម្ចាស់សិប្បកម្ម ចំនួន ៣ចំណុច រួមមានចំណុចទី១ ម្ចាស់សិប្បកម្ម ត្រូវអនុវត្តតាមការណែនាំ តាមកាលវេលាកំណត់ គឺចាប់ធ្វើការពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ និងពេលល្ងាច ចូលធ្វើការចាប់ពីវេលាម៉ោង ១៤និង៣០នាទី រហូតដល់វេលាម៉ោង ១៧ និង៣០នាទី ចំណុចទី២ ម្ចាស់អាជីវកម្ម ត្រូវតែកែសម្រួលទីតាំងទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយសំឡេង ដែលខ្ទរចេញទៅរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង និងចំណុចទី៣ ត្រូវរក្សាសណ្តាប់ធ្នាប់ សាធារណៈ នៅជុំវិញបរិវេណសិប្បកម្ម ដោយទុករយះពេល មួយសប្តាហ៍ ដើម្បីឲ្យខាងម្ចាស់សិប្បកម្មកែសម្រួល ។

ផ្ទុយទៅវិញ បើម្ចាស់សិប្បកម្មមិនព្រមអនុវត្តតាមការណែនាំនោះទេ អាជ្ញាធរខណ្ឌ នឹងធ្វើលិខិតស្នើរទៅសាលារាជធានីភ្នំពេញមានវិធានការបន្តទៀត ៕ តុង សីហា

...

4edac883-c1a2-4084-8eac-211e3d05da98 294e94b4-eff3-4e3d-917a-6c900cf39cca 084697e9-56a0-4e58-ad22-48e004078ba8 5082975c-e044-4b03-80f6-0075f831b082 a66021d9-6f0f-486f-8479-19ad1674d862 c4e9fd4f-3834-4389-8d88-2b8f6f848076 c8f8d9c5-e214-4af3-97f8-4b39e76bb3b4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print