ខេត្តកណ្តាល៖ យ៉ាងហោចណាស់យុវជនម្នាក់បានស្លាប់ បុរស-ស្ត្រី២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តទួរីសដឹកអ្នកដំណើរ បើកបោះពួយជ្រុលទៅបុកគូថ រថយន្តហ៊ីយ៉ាន់ដាយកំពុងឈប់នៅលើទ្រូងផ្លូវ ដើម្បីទិញបាយឆា ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តទួរីសម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AK-9832 បើកបរដោយឈ្មោះប៉ិច សំបូរ ភេទប្រុស អាយុ៥១ឆ្នាំ (រងរបួសចុកលើដើមទ្រូងដោយសារគៀបជាមួយចង្កូតរថយន្ត) មានទីលំនៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រថយន្តនេះមានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះ សុវណ្ណ ពិនពិសា ភេទប្រុស អាយុ១៧ឆ្នាំ (គៀបស្លាប់ក្នុងរថយន្ត) ទី២-ឈ្មោះ ហ៊ួ បុប្ផា ភេទស្រី អាយុ២៨ឆ្នាំ (រងរបួសធ្ងន់) ។ បុរសស្ត្រី២នាក់នេះមានទីលំនៅក្នុងភូមិ/ឃុំជាមួយអ្នកបើកបររថយន្ត ។ ចំណែកឯរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ៣.៥តោន ពាក់ស្លាកលេខ ភ្នំពេញ3D-5278 ជាប្រភេទរថយន្តដឹកទំនិញ(ដឹកទឹកបរិសុទ្ធវីតាល់) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានឈប់រថយន្តនៅលើទ្រូងផ្លូវរួចដើរចុះទៅទិញបាយឆា ខណៈនោះស្រាប់តែរថយន្តទួរីស បើកទៅដល់បុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពេញមួយទំហឹង បណ្តាលឲ្យកាប៊ីនរថយន្តទួរីសរួញចូលគ្នា ធ្វើឲ្យអ្នករួមដំណើរអង្គុយអែបតៃកុងគៀបស្លាប់ រីឯអ្នកបើកបររថយន្តត្រូវបានចង្កូតរថយន្តគៀប បណ្តាលឲ្យចុកលើដើមទ្រូង ។ ចំណែកឯស្ត្រីជាអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួន រីឯអ្នកបើកបររថយន្តទួរីស និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ខណៈដែលអ្នករួមដំណើរម្នាក់ទៀតអង្គុយអែបតៃកុងបានស្លាប់បាត់បង់ជីវិត ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកមុខកំពូលនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលចរាចរស្រុកមុខកំពូលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយឈប់នៅលើទ្រូងផ្លូវ ។ ដោយឡែកភាគីរថយន្តទួរីសបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ