ភ្នំពេញ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាហើយវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរឆ្លងផ្លូវក៏ចាប់ហ្វ្រាំងទាំងបង្ខំភ្លាមនោះមានម៉ូតូXRមកពីក្រោយហើយបុកបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ហើយម្នាក់ត្រូវស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣ មុខកងពលតូច៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1U-5073 ជិះឌុបគ្នា២នាក់ចេញពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបង្កម៉ាក XR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CG-8910 បើកដោយបុរសម្នាក់ស្របគ្នាពីក្រោយជាមួយម៉ូតូរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ មុខកងពលតូច៧០ ក៏មានម៉ូតូមួយគ្រឿងទៀតបត់ឆ្លងកាត់ពីមុខម៉ូតូជនរងគ្រោះ ជាហេតុធ្វើឲ្យម៉ូតូជនរងគ្រោះជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឲ្យម៉ូតូរលត់កណ្តាលថ្នល់ ស្របគ្នានោះម៉ូតូបង្កម៉ាកXRមកពីក្រោយក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ដួលបោកថ្នល់ រងរបួសធ្ងន់ទាំង២នាក់ រីឯបុរសជិះម៉ូតូXR រងរបួសស្រាល ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយរបស់ក្រុមសង្គ្រោះរបស់អង្គភាព៧១១ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ តែជាអកុសលជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ដែលរងរបួសធ្ងន់ បានស្លាប់បាត់បងជីវិតក្រោយដឹកដល់មន្ទីរពេទ្យ ដោយឡែកបុរសម្ចាស់ម៉ូតូXR ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ រងចាំប្រគល់ទៅឲ្យជំនាញ រីឯម៉ូតូទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៍ខណ្ឌវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ
...