សម្តេចតេជោ ហ៊ុន សែន ជួបលោកទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ប្រទេសចិន៖ កាលពីថ្ងៃទី ២៨ខែ មេសា ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក យ៉ាង ឈីឈី Yang Chi Chi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។

លោក យ៉ាង ឈីឈី បានមានប្រសាសន៍ជម្រាប សម្តេចតេជោ អំពីដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះទី១ គឺដើម្បីពិនិត្យមើលនិងដើម្បីជំរុញការអនុវត្តនូវអ្វីដែល ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាកាលពីឆ្នាំកន្លងទៅ ពិសេសក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីមកកាន់ប្រទេសកម្ពុជា ទី២ការត្រៀមលក្ខណះក្នុងការទទួលសម្តេចតេជោ អញ្ជើញទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅពាក់កណ្តាលខែឧសភាខាងមុខ។

ចំពោះទំនាក់ទំនងទ្វេភាគី លោក យ៉ាង ឈីឈី បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំអន្តរដ្ឋាភិបាលលើកទី៤ នៃប្រទេសទាំងពីរ ដែលមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរូបលោកជាសហប្រធានដែលបានបញ្ចប់ប្រកបដោយលទ្ធផលល្អ។ ប្រទេសចិននិងកម្ពុជានៅតែបន្តក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងចាត់ទុកថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា មានភាពល្អប្រសើរ ពីព្រោះដោយមានការចង្អុលបង្ហាញពីមេដឹកនាំនៃប្រទេសទាំងពីរ។ អ្វីដែលឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ បានដាក់ចេញ គឺជាផែនទីចង្អុលផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិនកំពុងរងចាំដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសចិន និងការអញ្ជើញចូលរួមវរទិកាអន្តរជាតិស្តិពី ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅទីក្រុងប៉េកាំង នៅពេលដ៏ខ្លីខាងមុខ។

ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជាតាមរយះការជំរុញឲ្យក្រុមហ៊ុនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ការវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ការកសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលជាគំរោងដ៏មានសារសំខាន់ បង្ហាញពីអត្តសញ្ញាណនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរចិន កម្ពុជា។ ជាមួយគ្នានេះភាគីចិននឹងជំរុញល្បឿននៃការអនុវត្តបណ្តាគំរោងដែលបានឯកភាពគ្នារួចហើយនោះ ពិសេសការប្រើប្រាស់កញ្ចប់ថវិកា៣ពាន់១០០លានយ៉ន់ ដូចជាគំរោងអណ្តូងទឹកស្អាត សាលារៀន និងផ្លូវនៅតំបន់ជនបទ ការសាងសង់មន្ទីរទេព្យ និងបរិក្ខារពេទ្យរបស់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ដែលបានផ្ញើរនូវការសួរសុខទុក្ខ និងជូនពរដល់សម្តេច។ សម្តេចតេជោ រីករាយចំពោះលទ្ធផល នៃកិច្ចប្រជុំអន្តរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ សម្តេចតេជោ បានចាត់ទុកថាការងារកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរមានលក្ខណះល្អប្រសើរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់អំពីនយោបាយការបរទេសរបស់កម្ពុជា គឺបន្តឥតងាករ៉េគាំទ្រនយោបាយចិនតែមួយ និងបានស្វាគមន៍ជំនួយមិត្តចិន ដែលនោះគឺជាការរួមវិភាគទានដល់ការអភិវឌ្ឍជាតិ និងពង្រឹងអធិបតេយ្យរបស់កម្ពុជាផងដែរ។ សម្តេចតេជោ សាទរចំពោះគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាច្រើន ពិសេសចូលរួមបង្កើនល្បឿននៃការធ្វើសមាហរណកម្មតំបន់ និងរួមចំណែកដល់ការថែរក្សានូវស្ថេរភាព សន្តិភាព និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែល្អប្រសើរជាងមុន។

ក្នុងជំនួបពិភាក្សាគ្នាពីម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក យ៉ាង ឈីឈី ក៏បានធ្វើការផ្លាស់ប្តូរទស្សនះគ្នាទៅវិញទៅមកជុំវិញបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសបញ្ហាសមុទ្រចិនខាងត្បូង ដែលមានការយកចិត្តទុកដាក់ដូចគ្នាបំផុត៕

...

spm (1) spm (2) spm (3) spm (4) spm (5) spm (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print