ភ្នំពេញ៖ អតីតតារាសម្តែង សុវណ្ណ មករា បានសម្រេចចិត្តសុំលែងលះប្រពន្ធជាអ្នកចម្រៀងអ្នកនាង ឈិន សុធារីហើយកាលពីថ្មីៗនេះបន្ទាប់ពេលគូស្នេហ៍នេះបានលេចចេញរឿងរ៉ាវចម្រូងចម្រាសជាច្រើនបន្តបន្ទាប់។ ក្រោយប្រកាសលែងលះនិងទៅរួមរស់ជាមួយនារីកំណាន់ចិត្ត សុវណ្ណ មករា បានផ្ញើសាសុំទោសអតីតភរិយាជាផ្លូវការហើយ។
រឿងរ៉ាវចំណងស្នេហាដើរដល់ផ្លូវទាល់របស់ សុវណ្ណ មករា និង ឈិន សុធារីបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ ក្រោយមិនអាចទប់ជាប់បានឈិន សុធារីដែលលើកឡើងថា អតីតស្វាមីនាងបានសម្រេចចិត្តជ្រើសយកនារីជាតារាសម្តែងថ្មីដែលធ្លាប់មានទំនាស់ជាមួយនាងហើយសុខចិត្តបោះបង់នាងនិងកូនភ្លោះទាំងពីរ។ នាងថា អតីតស្វាមីបានសុខចិត្តចុះចេញពីផ្ទះទៅរួមរស់ជាមួយស្រីកំណាន់ចិត្ត ដោយមិនអាចវិលថយក្រោយបានឡើយ។ ទោះជាយ៉ាងណានាងនៅមិនទាន់និយាយអំពីការប្តឹងឡើងដល់ប្រព័ន្ធតុលាការនោះទេ។
ក្រោយប្រកាសលែងលះនេះដែរ តារាសម្តែង សុវណ្ណ មករាបានផ្ញើសាទៅអតីតភរិយានៅលើហ្វេសប៊ុកថា «ជូនធារីអតីតឧត្តមភរិយាបង! បងទទួលស្គាល់ថាបងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ! ចំណែកបងវិញសូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន! និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន ….»។
ក្រោយបង្ហោះសានេះជាសាធារណៈ លោក សុវណ្ណ មករាក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយនេះ។
គួរបញ្ជាក់ដែរថា សុវណ្ណមករា និងឈិន សុធារីបានសម្រេចចិត្តចូលរោងការជាមួយគ្នាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ កន្លងមកថ្មីៗនេះចំណងស្នេហ៍ឈិន សុធារី និង សុវណ្ណ មករា បានលេចចេញទំនាក់ជាហូរហែរដូចជាករណី ឈិន សុធារីបាន តាមទាន់ស្វាមីនិងស្រីកំណាន់នៅផ្ទះសំណាក់ ហើយផ្ទុះរឿងប្រតាយប្រតប់គ្នានិងបណ្ដាលឲ្យអ្នកនាងជាំសាច់ និងមានរបួសចង់ពេញខ្លួនផងដែរ៕ វឌ្ឍនា