ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានវីរៈសេនាតូចរៀបរយលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុង ភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសងអាគារធ្វើការ ១ខ្នងមានទំហំ ៧គុណ២៥ម៉ែត្រ ដែលត្រូវសាងសងពីឥដ្ឋប្រកក្បឿង ជាអំណោយរបស់ អគ្គបញ្ជាការយោធា ខេត្ត ដុងណាយ នៃសាធារណៈរដ្នសង្គមនិយមវៀតណាម ក្នុងពិធីនេះស្ថិតក្រោម អធិបតីភាព ឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការចូលរួមពី មេបញ្ជាការ មេបញ្ជាការរង និងសហការីជាច្រើនរូប ។
ឧត្តម សោម ស៊ុន មេបញ្ជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាក់ផងដែរថា អាគារនេះសាងសងទៅបានដោយ មានការខិតខំទំនាក់ទំនងល្អជាមួយយោធាខេត្តដុង ណាយ ដែលសាងសងមាន៥បន្ទប់ ចំណាយថវិការអស់៣២.០០០$ ហើយត្រូវចំណាយរយៈពេល៣ខែ ទើបអាច សាងសងរួច រាល់សមិទ្ធិផលទាំងអស់គឺសាងសងឡើងដើម្បីជួយសំរួលដល់កងទ័ពយើងក្នុងកិច្ចប្រតិបត្តិការងារក្នុងមូលដ្ឋាន និងជាជំរកស្នាក់នៅ របស់ទ័ពផងនិងជាជាមូលដ្ឋានការពារខ្សែរបន្ទាត់ព្រំដែន ទិសខេត្តព្រះវិហារផង ៕
ដោយ៖ ប៊ុន រិទ្ធី