ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តតាកែវត្រូវបានមន្ត្រីក្នុងមន្ទីរនេះបើកកកាយជាសាធារណៈដើម្បីឲ្យថ្នាក់លើចាត់វិធានការទប់ស្កាត់កុំឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើ លោក ណុប នី ដែលល្បីល្បាញខាងពុករលួយនៅឡើយជាហេតុធ្វើឲ្យលោក ណុប នី កាន់តែបង្ហាញភាពក្រអឺតក្រទមក្នុងការបន្តប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីរាជការតូចតាចដែលបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តតាកែវបានលាតត្រដាងជាបន្តបន្ទាប់អំពីរឿងអាស្រូវពុករលួយរបស់លោក ណុប នី ដែលជាប្រធានមន្ទីរក្នុងបំណងឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ខ្លះៗផង។ មន្ត្រីរាជការមន្ទីរ សាធារណការខេត្តតាកែវ បានឲ្យដឹងថាលោក ណុប នី ប្រើអំណាចជាប្រធានមន្ទីរក្នុងការប្រព្រឹត្តអំពើពុករលួយមានច្រើនរូបភាពដោយមានការឃុបឃិតពីបក្ខពួកមួយក្តាប់តូចដែលមានជំនាញខាងកេងប្រវ័ញ្ចថវិការដ្ឋទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ប្រភពខ្លះបានឲ្យដឹងទៀតថា ទោះបីនៅក្នុងខេត្តតាកែវពុំមានផ្លូវជាតិច្រើនខ្សែ សម្រាប់លើកគម្រោងជួសជុលឬស្ថាបនាឡើងវិញយ៉ាងណាក៏ដោយក៏លោក ណុប នី អាចរកវិធីប្រមូលលុយបានយ៉ាងស្រួលៗដែរ។ មន្ត្រីតូចតាចបានឲ្យដឹងថា លោក ណុប នី ប្រព្រឹត្តអំពើពុករលួយតាមរបៀបយក្សស៊ីកំពឹសឬពោះថ្លាន់លេបមាន់ ដោយគ្មានការចែករំលែកឲ្យមន្ត្រីក្រោមឱវាទមានលុយទិញអង្ករច្រកឆ្នាំងបន្តិចបន្តួចនោះទេ។ សូម្បីតែរថយន្តដឹកស្រូវឆ្លងកាត់ខេត្តតាកែវ ក៏ត្រូវបង់លុយឲ្យលោក ណុប នី ដែរហើយក្រុមជញ្ជីងថ្លឹងរថយន្តមិនដែលទប់ស្កាត់រថយន្តផ្ទុកលើសទម្ងន់ម្តងណាឡើយ៕