ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបានការគាំទ្រពីកងកម្លាំងក្រោមឱវាទ ខណះលោកបានចេញសេចក្តីណែនាំ ហាមដាច់ខាតការមិនអោយមានការកាត់គោលរបប ប្រាក់បៀវត្សគ្រប់រូបភាព និងចំពោះការរកស៊ីចងការប្រាក់ ការទិញប្រាក់ខែ នៅក្នុងស្ថាប័នកងរាជអាវុធហត្ថ និងហាមដាច់ខាតរាល់ការអំពាវនាវ គៀងគររកថវិកាគ្រប់រូបភាព ពីនាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដោយវិធានការណ៍នេះគឺនាយឧត្តមសេនីយ៍បានគិតគូខ្ពស់ទៅលើការរស់នៅនិងជីវភាពរបស់កងទ័ព។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដល់គ្រប់បណ្តាស្នងការ និងអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាកងឯកភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ហាមដាច់ខាតការកាត់គោលរបប ប្រាក់បៀវត្សគ្រប់រូបភាព គ្រប់ទម្រង់ទាំងអស់ពីនាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ។
ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់កើតមានភាពមិនប្រក្រតីលេចឮថានៅក្នុងសាលាកំបូល ដែលនាយកសាលាបានតម្រូវឲ្យមន្ត្រីអាវុធហត្ថដែលទៅរៀនបង់លុយម្នាក់ ១៤០ដុល្លារ ដើម្បីទិញគ្រៃ និងភាពមិនប្រក្រតីនៅអាវុធហត្ថខេត្តតាកែវ ដែលមេបញ្ជាការបានកាត់លុយរបបរបស់មន្ត្រីអាវុធហត្ថនៅក្រោមឱវាទ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទទួលបានសេចក្តីណែនាំនេះ គ្រប់បណ្តាស្នងការ និងអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាកងឯកភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ ដោយះ សារ៉េន