ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ថ្នាំញៀនសរុបជាង១៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលប្រទះឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅក្រុងបាវិត ខណៈដែលមានសេចក្ដីរាយការណ៍ពីកម្លាំងយោធាវៀតណាមថា បានចាប់ជនជាតិវៀតណាម២នាក់នៅច្រកទ្វារម៉ុកបាយ និងរឹបអូសបានថ្នាំញៀន២គីឡូក្រាម ។
ការចុះប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងផ្ទះសំណាក់ថៃអាងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក្នុងផ្ទះសំណាក់ថៃអាងបន្ទប់លេខ២ ។
ពាក់ពន្ធ័ នឹងករណីខាងលើនេះ នគរបាលក្រុងបាវិតបានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាលោកស្នងការនគរបាលខេត្តស្វាយរៀង បានចាត់ឲ្យនគរបាល ក្រុងបាវិត និងប៉ុស្តិ៍រដ្ឋបាល បានបើកប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ចុះឆែកឆេរផ្ទះសំណាក់ខាងលើ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទយ៉ាម៉ា៥០កញ្ចប់ ស្មើនឹង១៦.៥០គីឡូក្រាម និងអត្តសញ្ញណប័ណ្ណវៀតណាម២សន្លឹក ចំណែកជនសង្ស័យមិនត្រូវបានចាប់ឃាត់ខ្លួននោះទេ ព្រោះមិននៅក្នុងបន្ទប់ផ្ទះសំណាក់ផងដែរ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ និងនគរបាលក្រុងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕ យឹម សុថាន