ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តធ្វើសន្និសិទកាសែតបង្ហាញមុខឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(LVថ្នាំគ្រវី)ចំនួន៥០.៥៦៥គ្រាប់ ស្មើនឹងជាង១៦គីឡូក្រាម នៅក្រុងបាវិត។
បើតាមមន្ត្រីនគរបាលការិយាយ័ប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ជនសង្ស័យរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី LV (ថ្នាំគ្រវី) ចំនួន៥០កញ្ចប់ មានទម្ងន់១៦.១៨០.៦៧ក្រាម ស្មើ៥០.៥៦៥គ្រាប់។
ប្រភពបន្តថា ជនសង្ស័យបានយកទៅលាក់ទុកនៅក្រោមពូកក្នុងបន្ទប់លេខ០០២ នៃផ្ទះសំណាក់យីហោ ថៃអាង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី៣០ មេសា ២០១៧ ហើយបានធ្វើសកម្មភាពជញ្ជូនទៅប្រទេសវៀតណាមដើម្បីជួញដូរ។
រហូតដល់ថ្ងៃទី១ ឧសភា ២០១៧ នៅវេលាម៉ោង៩ និង២៥នាទីព្រឹក ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ NHUNG MINH NHA DAN (ឬង្វៀង មិញទៀង ហៅង្វៀងឌឹកទី) ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតុវៀតណាម មានទីលំនៅផ្ទះលេខ៣២ ផ្លូវយ៉ាវហ្វ៊ុង សង្កាត់លេខ២ ខណ្ឌទីលាង ទីក្រុងហាន់ណូយ ប្រទេសវៀតណាម។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញចាត់ការទៅតាមផ្លូវច្បាប់ជាបន្តតាមច្បាប់៕ យឹម សុថាន