ខេត្តកណ្តាល៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសូងួនបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ បើកបុកក្បាលស្ពានថ្មសំរោងធំ២រ ងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យ មានមនុស្សគ្រោះថ្នាក់ឡើយ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុបានគេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ដោយរថយន្តក្រុមហ៊ុនសូងួននេះបានកើតឡើង កាលពីវេលាម៉ោង២១ និង២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ។
រថយន្តបង្កម៉ាកFUSU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3-A3445 ជាប្រភេទរថយន្តសណ្តោងកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសូងួន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។ រថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចកើតហេតុទំនងជាអ្នកបើកបរងងុយដេកងោកមួយផាំង បណ្តាលឲ្យរថយន្តរេចង្កូតចូលទៅបុកបង្កាន់ដៃស្ពានពេញមួយទំហឹងធ្វើឲ្យក្បាលថ្មបង្កាន់ដៃស្ពានរងការខូចខាត ។ ដោយឡែករថយន្តបង្ករងការខូចខាតកាប៊ីនមុខយ៉ាងធ្ងន់ធ្ងរផងដែរ ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកកៀនស្វាយ ធ្វើកំណត់ហេតុដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕
...
ដោយ៖ សណ្តោស