ភ្នំពេញ៖ ប្រជាពលរដ្ឋ៦៧ គ្រួសាររស់នៅក្នុងសហគមន៍ស្វាយតាអុក សង្កាត់វាលស្បូវ បានទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ពីប្រតិភូសហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បីសម្រាលការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល ។
សកម្មភាពមនុស្សធម៍នាំយកអំណោយជូនប្រជាពលរដ្ឋ៦៧គ្រួសារដល់លំនៅដ្ឋាន នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌនិងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាខណ្ឌ , លោកហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ ,លោកញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌ និងសមាជិក សមាជិការ ស.ស.យ.កខណ្ឌជាច្រើននាក់ទៀត ។
អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ មួយយួរ ទឹកស៊ីអ៉ីវមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនមុខទៀត ។
លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌនិងជាប្រធាន ស.ស.យ.ក ខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អនុវត្តតាមគោលការរបស់កាកបាទក្រហមកម្ពុជានិងមានការណែនាំពីលោកអភិបាលខណ្ឌច្បារអំពៅ ជានិច្ចជាកាល អនុសាខាកាកបាទក្រហមខណ្ឌនិងក្រុមការងារស.ស.យ.កខណ្ឌ បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៍ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៍ដោយអាជ្ញាធរខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌនិងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមានជីវភាពខ្វះខាត ទីទ័លក្រ ។
លោកអភិបាលរងខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបាន តែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពអោយបានប្រសើឡើង។ ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវស្រលាញ់រាប់អានគ្នា សហការគ្នា មានសាមគ្គីភាពល្អ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ព្រោះឥឡូវនេះស្ថានភាពធាតុអាកាសមានការប្រែប្រួល ជាពិសេសត្រូវគិតពីសុភាពជាចម្បង ពោលគឺរស់នៅមានអនាម័យ ៕
...
ដោយ៖ សណ្តោស