ខេត្តតាកែវ ៖ ម្តាយឪពុកបានត្រឹមយំឱបកូនស្រីជាទីស្រឡាញ់ព្រាត់ទាំងក្តីអាល័យ ដោយសារត្រូវ ជនល្មោភកាមចាប់រំលោភនៅក្នុងចម្ការអំពៅបានសម្រេច រួចចាប់មួលបំបាក់ក កាច់ជើងកាច់ដៃយកទៅទម្លាក់ចោលក្នុងទឹកអូរ ក្បែរចម្ការអំពៅ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានក្មេងស្រីរងគ្រោះម្នាក់ទៀត បានរត់គេចពីក្រញ៉ាំតណ្ហាទាំងត្រហេបត្រហបមកប្រាប់អ្នកស្រុកអ្នកភូមិឲ្យជួយ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចចម្ការអំពៅ ស្ថិតក្នុងភូមិអង្កាញ់ ឃុំពេជ្រសារ ស្រុកកោះ អណ្តែត ខេត្តតាកែវ ។
សមត្ថកិច្ចនគរបាលស្រុកកោះអណ្តែតបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងស្រី២នាក់ បានយកគោទៅចង រួចដើរចូលទៅក្នុងចម្ការអំពៅ ដើម្បីកាច់អំពៅហូប ខណៈនោះក៏លេចមុខជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេច រួចវាយសម្លាប់ចោលតែម្ដង ។ ចំណែកក្មេងស្រីម្នាក់ទៀត បានរត់គេចពីហេតុការណ៍នេះមកស្រែកប្រាប់អ្នកភូមិឲ្យជួយ ។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោស ដោយសារភិនភាគជនសង្ស័យ ដែលមានវ័យ១៦ឆ្នាំ ត្រូវបានស្គាល់ ៕ ជាយក្រុង













