ខេត្តកំពង់ធំ៖ បន្ទាប់ពីអគ្គនាកដ្ឋានអន្តោប្រវេសន៍ ធ្វើការប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរ ស្រុក ក្រុង ខេត្តកំពង់ធំ ស្តីពីការចុះអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលបានមកស្នាក់នៅក្នុងខេត្តកំពង់ធំ ដោយពុំមានលិខិតស្នាម និងរស់នៅដោយខុសច្បាប់ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ អនុវត្តជំរឿនជនបរទេស ដែលកំពុងតែប្រកបមុខរបរ លក់ដូរ កម្មករ នៅក្នុងស្រុកស្ទោង ឲ្យមកចុះបញ្ជីនិងពិនិត្យឯកសារ ពាក់ព័ន្ឋនឹងការស្នាក់នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ ផន ផល្លី អនុប្រធាននាយកដ្ឋានជនអន្តោប្រវេសន៍បានសហការជាមួយ ការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានរកឃើញមនុស្ស៣នាក់ស្រី២ ប្រុស១ ដែលជាម្តាយឪពុកកូន ជាកម្មករចំការកៅស៊ូCRCK 2 ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទី១ ឈ្មោះ ស៊ាំង យ៉ាប់ដាប់ ភេទប្រុស និង ឈ្មោះ រិន ធីម៉ាយ ព្រមទាំងកូនស្រីបានមករស់នៅដោយគ្មានលិខិតនិងឯកសារស្នាក់នៅទាំងអស់ ទើបសម្រេចនាំបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់បញ្ជូនទៅប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានសំណូមពរឲ្យមេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍ រដ្ឋបាលបញ្ឈប់ការចេញលិខិតស្នាមឲ្យជនបរទេសដែលមករស់នៅដោយខុសច្បាប់ និងចូលរួមគោរពតាមច្បាប់រាជរដ្ឋាភិបាល កុំនាំគ្នាលាក់លៀម ត្រូវចាប់បញ្ជូនជនអន្តោប្រវេសន៍ទៅស្រុកកំណើតត្រូវពិនិត្យបញ្ជីស្នាម របស់ជនអន្តោប្រវេសន៍ និងស្រាវជ្រាវ ជនអន្តោប្រវេសន៍ ដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ផេង អគ្គនាយករងនគរបាលជាតិ ទទួលបន្ទុកការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បានឲ្យដឹងថា សម្រាប់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ៧ឆ្នាំដោយគ្មានទោសកំហុស អាចដាក់ពាក្យសុំសញ្ញាតិខ្មែរ ហើយទាល់តែមាន ឡាយប្រហស៍ព្រះមហាក្សត្រមានព្រះរាជអនុញ្ញាតិ ទើបអាចសុំសៀវភៅគ្រួសារ សំបុត្រកំណើត និងទីលំនៅ បើជនបរទេសណាមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ៕
ដោយ៖ ប៊ុន រិទ្ធី