ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តតាក់ស៊ីម៉ែត្រនិងរថយន្តឡិចស៊ីសRx570បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ស្ថិតតាមបណ្ដោយផ្លូវ៩៩កែង៤៣៦ត្រង់ចំណុចផ្លូវបំបែកជាបួនក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតាក់ស៊ីម៉ែត្រពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 2AM-5992បើកបរតាមបណ្ដាផ្លូវ៤៣៦ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែងបំបែកជាបួនក៏មានរថយន្តឡិចស៊ីសRx570ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-5999បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៩៩ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ផ្លូវបែកជាបួនកែងផ្លូវ៤៣៦ ក៏មានរថយន្តតាក់ស៊ី ម៉ែត្រមកប៉ះគូទឡុចសុីសពីក្រោយរងការខូចខាតយ៉ាងដំណំតែម្ដង ។ភ្លាមៗនោះភាគីទាំងពីរនាក់បានចុះមកសម្រួលគ្នាអស់ពេលយ៉ាងយូតែនិយាយគ្នាដោយប្រកែកយកត្រូវរៀងៗខ្លួនដោយខាងរថយន្តតាក់សុីមែត្រចង់ទាសំណង១៥០០[ដុល្លា]តែខាងរថយន្តឡិចសុីសទាវិញចំនួន៥០០០[ដុល្លា]និយាយទៅនិយាយមកជាងមួយម៉ោងនៅតែមិនត្រូវគ្នា។
ក្រោយពេលកើតហេតុដោយសារតែភាគីទាំង២ចរចារមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យករថយន្តទាំង២ទៅរក្សាទុកដើម្បីអូសរថយន្តទាំង២នោះទៅរក្សានៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ
...