ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ជើងឯក ចូលរួមកាន់បិណ្ឌវេណទី៣នៅវត្តឧត្តមមានជ័យព្រះបាទជាន់ឯក (ហៅវត្តជើងឯក) ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។ ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេណទី៣ រួមមាន៖ អង្ករ០៥បាវ មី០៥កេស ទឹកក្រូច០៦កេស ទឹកសុទ្ធ០៦កេស ផ្លែឈើ០២កន្ត្រក បច្ច័យរៀបជើងបិណ្ឌ១លានរៀល បច្ច័យកសាង១លានរៀល ប្រគេនព្រះចៅអធិការ ២ម៉ឺនរៀល និងព្រះសង្ឃ ១៧អង្គ ក្នុងមួយអង្គ ១ម៉ឺនរៀលផងដែរ ៕
...
ដោយ៖ ភារ៉ា ដង្កោ